រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (បសប.ហភ) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតី
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី “ការពង្រឹង និងលើកកម្ពស់ជំនាញប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ”នៅនាយកដ្ឋានអង្គរក្ស ដែលមានសិក្ខាកាម ជាស្នងការរង នាយការិយាល័យ និងនាយរងការិយាល័យ ចំនួន ៤១រូប ដែលអញ្ជើញមកពីបណ្ដាស្នងការដ្ឋាននគរបាលខេត្ត ចំនួន ០៨ រួមមាន ៖ ខេត្តស្ទឹងត្រែង, មណ្ឌលគិរី, រតនគិរី, ក្រចេះ, កំពង់ចាម, ត្បូងឃ្មុំ, ស្វាយរៀង និងខេត្តព្រៃវែង។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ បានមានប្រសាសន៍ថា ការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ គឺជាការងារដែលសំខាន់ក្នុងការចូលរួមទប់ស្កាត់ឧក្រិដ្ឋកម្មជាសកល ដូច្នេះមន្ត្រីដែលបានបញ្ចប់វគ្គបណ្តុះបណ្ដាលនៅពេលនេះ ត្រូវចែករំលែកនូវចំណេះដឹងដែលទទួលបានពីការបណ្ដុះបណ្ដាលនៅវគ្គនេះ ដល់មន្រ្តីស៊ើបអង្កេតតាមការិយាល័យជំនាញក្នុងស្នងការដ្ឋានរបស់ខ្លួន ចាប់ពីថ្នាក់ស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងត្រូវបន្តការស្រាវជ្រាវ និងស្វែងយល់បន្ថែម ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យទៅជាគ្រូឧទ្ទេសដែលប្រកបដោយចំណេះដឹង ជំនាញ និងសមត្ថភាព ដើម្បីបន្តវេនក្នុងកិច្ចការងារបណ្ដុះបណ្ដាលលើការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
ឯកឧត្តមបានបន្តថា លោក លោកស្រី ស្នងការរង នាយការិយាល័យ នាយរងការិយាល័យ ដែលទទួលលក្ខណៈសម្បត្តិជាមន្ត្រីបង្គោលគឺជាមន្រ្តីដែលមានសក្ដានុពលកិត្តិយស និងជំនាញលើការប្រឆាំងការសម្អាតប្រាក់ តាមបណ្ដាស្នងការដ្ឋានរបស់ខ្លួន៕