កំពត ៖ ថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព ស.២៥៦៨ ត្រូវថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពត បានដំណើរការពិធី ឆ្លងរបាយការណ៍ និងបិទការងារសវនកម្ម សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ពន្ធ។ កម្មវិធីនេះបាន ប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក សុក សារ៉េត អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី មិញ សុខេង ស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ប្រតិភូអមដំណើរ លោក លោកស្រី ស្នងការរង លោកនាយការិយាល័យ នាយរងការិយាល័យ លោកមេបញ្ជាការវរ:លេខ ៦០១ លោកអធិការ អធិការរង លោកនាយប៉ុស្តិ៍ច្រកទ្វារទ្វេភាគីតន់ហន់ និងលោកនាយប៉ុស្តិ៍រដ្ឋបាលទាំង៩៣ ឃុំ សង្កាត់ សរុបចំនួន ២២០ នាក់។
ជាកិច្ចបន្តលោកឧត្តមសេនីយ៍ត្រី មិញ សខេង ស្នងការរង បានឡើងអានរបាយការណ៍ស្វាគមន៍ជុំវិញការងារកន្លងមកជូនអង្គប្រជុំរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក សុក សារ៉េត អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានផ្តល់អនុសាសន៍ណែនាំ និងផ្តាំផ្ញើជុំវិញការងារធ្វើកិច្ចបិទសវនកម្មផ្ទៃក្នុង ដោយផ្តោតលើការងារគ្រប់គ្រងបុគ្គលិក បំពេញភារកិច្ចលើការត្រួតពិនិត្យការងារហិរញ្ញវត្ថុ និងការងារគ្រប់គ្រងរដ្ឋបាល ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ(ដី អគារ របស់ស្នងការដ្ឋាន ត្រូវធ្វើប័ណ្ណកម្មសិទ្ធិឲ្យបានត្រឹមត្រូវ) និងផ្តាំផ្ញើលើការប្រើប្រាស់ថវិកាជុំវិញការងារជំនាញឲ្យបានច្បាស់លាស់ ត្រូវមានភាពសន្សំសំចៃ ។
ឯកឧត្តមឧត្តមសេនីយ៍ឯក សុក សារ៉េត ក៏បានបញ្ជាក់បន្ថែមលើប្រកាស ស្តីពីការកែសម្រួលតួនាទី ភារកិច្ច របស់ស្នងការដ្ឋាន អធិការដ្ឋាន រហូតដល់ប៉ុស្តិ៍រដ្ឋបាល ឲ្យយកចិត្តទុកដាក់ជាប់ជាប្រចាំ៕