កំពង់ចាម ៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងភរិយា ព្រមទាំងក្រុមគ្រួសារ អមដំណើរដោយលោក-លោកស្រី ស្នងការរង នាយការិយាល័យ និងភរិយា/ស្វាមី អញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទធ្វើបទនមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា ពិធីសូត្រមន្តកាន់បិណ្ឌវេនទី៧ និងពិធីរាប់បាត្រ ដើម្បីឧទ្ទិសបុណ្យកុសលដល់ដួងវិញាណក្ខន្ធជីដូនជីតា បុព្វការីជន ព្រមទាំងញាតិ៧សន្ដាន ឱ្យបានអនុមោទនាបុណ្យកុសល រួចចាកទុក្ខបានសុខកុំបីអាក់ខាន ស្ថិតនៅវត្តបទុុមកេសរ ហៅវត្តពាមកោះស្នា ក្នុងភូមិពាមក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
លោកឧត្តមសេនីយ៍ស្នងការ និងភរិយា ព្រមទាំងសហការីក៏បាននាំយកនូវទេយ្យទាន ព្រមទាំងបច្ច័យប្រគេនដល់ព្រះសង្ឃ តាជី យាយជី សរុបចំនួន ២,៩៧០,០០០រៀល ។
ពិធីកាន់បិណ្ឌ នៃបុណ្យភ្ជុំបិណ្ឌនេះ គឺជាពេលវេលាដ៏ល្អប្រពៃមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយក្ខន្ឋហើយបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕