ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រតិបត្តិការ ប្រចាំខែកញ្ញា ឆ្នាំ២០២៤ និងដាក់ចេញទិសដៅផែនការសម្រាប់អនុវត្តខែបន្ទាប់ ដល់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញ លោកអធិការនគរបាលគ្រប់បណ្តាក្រុង/ស្រុកទាំង៩ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ទាំង៦៧ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង៣២។
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការខែកញ្ញា ឆ្នាំ២០២៤កន្លងមក និងផ្សព្វផ្សាយផែនការងារ ផែនការការពារ ដល់កងកម្លាំងក្រោមឱវាទ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងនូវការកោតសរសើរដល់កងកម្លាំងនគរបាលគ្រប់អង្គភាពពាក់ព័ន្ធ ដែលបានបំពេញ តួនាទី ភារកិច្ច បានល្អ និងសម្រេចបានលទ្ធផលគួរជាទីមោទនៈ ពិសេសការយាម ល្បាត ការរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសង្គម សន្តិសុខព្រំដែន សន្តិសុខព្រហ្មទណ្ឌ និងក្មេងទំនើង បទល្មើសមានការថយចុះជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។
លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានជម្រុញដល់កងកម្លាំងនគរបាលទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ រួមគ្នា បង្ការ បង្ក្រាប ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ៖
-បទល្មើសព្រហ្មទណ្ឌ បទល្មើសជួញដូរគ្រឿងញៀន
-បទល្មើសជួញដូរផ្លូវភេទគ្រប់ទំរង់ ពង្រឹងការការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម
-ពង្រឹងគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេស
-ទប់ស្កាត់រាល់ពត៌មានក្លែងក្លាយ ការញុះញុង ការតវ៉ាប្រឆាំងទាំងឡាយណាដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។
-ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឳ្យបានល្អ៕