ខេត្តតាកែវ៖ នៅនារសៀលថ្ងៃសុក្រទី២ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ មានរៀបចំពិធី<<សំណេះសំណាលសួរសុខទុក្ខ និងដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំ ខែកក្កដា និងលើកទិសដៅការងារបន្តខែសីហា ឆ្នាំ២០២៤>>។
ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញទាំង៣២ លោកមេបញ្ជាការ មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការ អធិការរងទទួលផែនការងារ ព្រហ្មទណ្ឌ សន្តិសុខ សណ្តាប់ធ្នាប់ និងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១០ លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីកំពង់ក្រសាំង លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន ទាំង១១ប៉ុស្តិ៍ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង១០០ប៉ុស្តិ៍សរុបចំនួន ២៧០នាក់ ស្រី ៣នាក់។
មានប្រសាសន៍ថ្លែងក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានណែនាំផ្តាំផ្ញើ និងកោតសរសើរចំពោះកងកម្លាំងនគរបាលខេត្តទាំងអស់ ដែលខិតខំយកអស់កម្លាំងកាយចិត្តបំពេញតួនាទីភារកិច្ចនាពេលកន្លងមកបានល្អ ព្រមទាំងបានដាក់ចេញនៅគោលការណ៍យុទ្ធសាស្ត្រមួយចំនួន និងដាក់បទបញ្ជាដល់កម្លាំងនគរបាលតាមបណ្តាផែន នៃស្នងការដ្ឋាននគរបាលខេត្ត នឹងជាពិសេសសង្កត់ធ្ងន់ទៅលើផែនការងារនគរបាលយុត្តិធម៌ ផែនការងារសន្តិសុខ ផែនការងារសណ្តាប់ធ្នាប់ និងផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន អំពីបញ្ហាប្រឈមនានាជាក្តីព្រួយបារម្មណ៍អំពីសុខសុវត្ថិភាពផ្ទាល់ខ្លួន ក្នុងនាមជាមន្ត្រីនគរបាលជាតិ ត្រូវធ្វើយ៉ាងណាដើម្បីលុបបំបាត់បញ្ហាក្មេងទំនើង គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ បទល្មើសផ្សេងៗឲ្យបានម៉ឺងម៉ាត់បំផុត បន្តស្រាវជ្រាវរកចាប់មុខសញ្ញាចាស់ថ្មី ដែលនៅសេសសល់យកមកផ្តន្ទាទោសតាមច្បាប់ ពង្រឹងវិន័យកងកម្លាំងនគរបាលជាតិកម្ពុជាថ្មីលេខ៨៧៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ រក្សាសាមគ្គីភាពផ្ទៃក្នុង ពង្រឹងការគ្រប់គ្រងលើបញ្ជីវត្តមានដើម្បីប្រសិទ្ធភាពការងារជំនាញប្រចាំថ្ងៃ ផ្តល់សេវាសាធារណៈជាប្រចាំជូនបងប្អូនប្រជាពលរដ្ឋ តាមតម្រូវការឲ្យបានទាន់ពេលវេលា និងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ ត្រូវតែបង្កើនការចេញល្បាតតាមខ្សែបន្ទាត់ព្រំដែន និងបង្កើនកិច្ចសហប្រតិបត្តិការទំនាក់ទំទងល្អជាមួយប្រទេសជិតខាងជាប់ព្រំប្រទល់ខេត្ត និងខេត្ត ស្រុក និងស្រុក ដើម្បីផ្តល់ព័ត៌មានឲ្យគ្នាទៅវិញ ទៅមកក្នុងន័យទប់ស្កាត់ការចេញ-ចូលឆ្លងដែនខុសច្បាប់។
ជាមួយគ្នានេះដែរលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បន្តការណែនាំបន្ថែមដល់លោកអធិការនគរបាលគ្រប់ស្រុក ក្រុង ត្រូវតែពង្រឹងការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គមក្នុងមូលដ្ឋានខេត្តទាំងមូលដែលខ្លួនទទួលខុសត្រូវឲ្យបានល្អ ត្រូវតែត្រៀមកម្លាំងនគរបាលខេត្ត ស្រុក ក្រុងប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនូវកន្លែង និងត្រៀមកម្លាំងអន្តរាគមន៍ចេញល្បាតចល័ត ដើម្បីបង្ការទប់ស្កាត់បង្ក្រាបរាល់បទល្មើសកើតឡើងជាយថាហេតុ ត្រូវក្តាប់មុខសញ្ញាឲ្យបានទាំងមានដីការ អត់ដីការ និងមុខសញ្ញាទើបចេញពីពន្ធនាគារទៅរស់នៅក្នុងមូលដ្ឋានដើមវិញ បន្តការផ្សព្វផ្សាយតាមវេទិការសាធារណៈអំពីផលប៉ះពាល់ នៃគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង ចោរលួច ឆក់ប្លន់គ្រប់ប្រភេទ និងបន្តការស្រាវជ្រាវទីតាំងបញ្ចាំទាំងឡាយដែលមានច្បាប់ និងអត់ច្បាប់ឲ្យបានច្បាស់លាស់ បន្តការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បន្តជម្រុញលើកកំម្ពស់ចំពោះមន្ត្រីនគរបាលគ្រប់រូបដែលខិតខំប្រឹងប្រែងធ្វើការងារមានស្នាដៃ ត្រូវតែស្នើសុំធ្វើលិខិតសរសើរ ប័ណ្ណសរសើរ ឋានន្តរស័ក្តិ ឋានៈតួនាទី ជាការលើកទឹកចិត្ត និងផ្តល់រង្វាន់ផងដែរ៕