General Commissariat of National Police
.

លោក​ឧត្តមសេនីយ៍ត្រី​ ហេង​ សុផល​ ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​នគរបាល​ជាតិ​

Loading

កំពង់ធំ​៖​ បន្ទាប់​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ តែងតាំង​ មុខ​តំណែង​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ លោក​ឧត្តមសេនីយ៍ត្រី​ ហេង​ សុផល​ ស្នងការ​នគរបាល​ បាន​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​នគរបាល​ជាតិ​ នា​រសៀល​ថ្ងៃ​ទី​០២​ ខែ​សីហា​ ឆ្នាំ​២០២៤​ ។​

​លោក​ឧត្តមសេនីយ៍ត្រី​ ហេង​ សុផល​ ស្នងការ​នគរបាល​ខេត្ត​ បាន​ថ្លែង​ថា​ ថ្ងៃនេះ​លោក​មាន​ក្ដី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃ​លែង​ ដោយ​បាន​ជួប​ផ្ទាល់​ ដើម្បី​សាកសួរ​សុខទុក្ខ​ សុខុមាលភាព​ ការ​អនុវត្ត​តួនាទី​ ភារកិច្ច​ របស់​បងប្អូន​កងកម្លាំង​តាម​បណ្តា​ការិយាល័យ​ជំនាញ​ និង​អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក​នា​ឱកាស​នេះ​។​

​លោក​ឧត្តមសេនីយ៍​ ស្នងការ​ បាន​ថ្លែង​អំណរ​អរគុណ​ ដល់​ថ្នាក់ដឹកនាំ​ និង​រៀមច្បង​ស្នងការ​មុនៗ​ ដែល​បាន​បន្សល់​ទុក​នូវ​សមិទ្ធផល​ ស្នាដៃ​ជា​ច្រើន​​សម្រាប់​អង្គភាព​ ស្នងការដ្ឋាន​របស់​យើង​ ហើយ​សមិទ្ធផល​នេះ​ដែរ​ គឺ​កើតឡើង​ពី​កត្តា​សាមគ្គីភាព​ ឯកភាព​ផ្ទៃក្នុង​បាន​ល្អ​ ការ​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​ និង​បងប្អូន​កម្លាំង​ទាំងអស់​ សមិទ្ធផល​ និង​ស្នាដៃ​វិសេសវិសាល​ខាងលើ​នេះ​កើត​ចេញពី​សាមគ្គីភាព​ផ្ទៃក្នុង​ របស់​បងប្អូន​រួម​គ្នា​ជា​ធ្លុំ​មួយ​មាន​ ឆន្ទ​:​ មុះ​មុត​ ធ្វើ​ការងារ​ មាន​ភាព​ស្មោះត្រង់​ទៅ​វិញ​ទៅ​មក​ នឹង​មានការ​ទទួលខុសត្រូវ​ខ្ពស់​លើ​ការងារ​ដែល​ថ្នាក់ដឹកនាំ​ប្រគល់​ជូន​ទើប​ឈាន​ទៅ​សម្រេច​បាន​លទ្ធផល​ជា​បន្តបន្ទាប់​ ។​

​សូម​បន្ត​ថែរក្សា​វប្បធម៌​សាមគ្គីភាព​ ​ ដើម្បី​កសាង​នូវ​សមិទ្ធផល​ថ្មីៗ​ បន្ថែម​ទៀត​ជូន​រាជរដ្ឋាភិបាល​ ក្រសួងមហាផ្ទៃ​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ របស់​យើង​។​

​លោក​សង្ឃឹមថា​ថ្នាក់ដឹកនាំ​ និង​បងប្អូន​កងកម្លាំង​យើង​ទាំងអស់​ចូលរួម​ពិភាក្សា​ផ្លាស់​ប្តូ​យោបល់​ ចែករំលែក​បទ​ពិសោធន៍​ ការងារ​ល្អៗ​ ជូន​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​បន្ត​និរន្តរភាព​ ក្នុង​ការ​ថែរក្សា​ សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ និង​សុវត្ថិភាព​សង្គម​ ជូន​ប្រជាពលរដ្ឋ​ និង​រួម​គ្នា​ដោះស្រាយ​បញ្ហា​អសកម្ម​នានា​ក្នុង​អង្គភាព​ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​ភាព​ជោគជ័យ​ បន្ថែម​ទៀត​ តាម​ផែនការ​យុទ្ធសាស្ត្រ​ ដែល​បាន​កំណត់​ និង​យន្តការ​ កំណែទម្រង់​របស់​ក្រសួងមហាផ្ទៃ​ ​ រាជរដ្ឋាភិបាល​នីតិកាល​ទី​៧​ ។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ លោក​ឧត្តមសេនីយ៍​ ស្នងការ​ បាន​ផ្ដាំផ្ញើ​ ដល់​អស់លោក​ លោកស្រី​ មន្ត្រី​នគរបាល​គ្រប់​រូប​ បើ​មាន​ក្ដី​កង្វល់​ បញ្ហា​ប្រឈម​ សូម​បងប្អូន​ ទំនាក់ទំនង​ រាយការណ៍​ មក​ថ្នាក់ដឹកនាំ​ អង្គភាព​ ដើម្បី​ប្រធាន​អង្គភាព​ មាន​មូលដ្ឋាន​ដោះស្រាយ​ ជូន​បងប្អូន​បាន​ទាន់​ពេលវេលា​ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ជា​ចុង​ក្រោយ​ លោកស្នងការ​ បាន​ប្រសិទ្ធពរ​ជ័យ​ ដល់​កងកម្លាំង​ សូម​សមប្រកប​ជួប​ប្រទះ​ តែ​ពុទ្ធ​ពរ​ជ័យ​ទាំង​បួន​ប្រការ​គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ និង​សម្រេច​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​ ដែល​ថ្នាក់ដឹកនាំ​ប្រគល់​ជូន​៕​