ខេត្តតាកែវ៖ នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត អញ្ជើញជួបសំណេះសំណាល និងអប់រំណែនាំម្ចាស់រថយន្ត តៃកុងរថយន្ត ដែលប្រកបមុខរបរបើករថយន្តដឹកដី ខ្សាច់ ថ្ម ខុសលក្ខណៈបច្ចេកទេសល្មើសច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ១០រថយន្ត ។
ដោយមានការចូលរួមពី លោកស្នងការរង ផែនការងារសណ្តាប់ធ្នាប់ លោកនាយ នាយរងការិយាល័យចរាចរណ៍ផ្លូវគោក និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងលោក លោកស្រី ដែលជាម្ចាស់រថយន្ត និងតៃកុងរថយន្ត។ មានប្រសាសន៍ណែនាំក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បានលើកឡើង និងសង្កត់ធ្ងន់ថាៈ គ្រប់យានយន្តធ្វើដំណើរលើដងផ្លូវសាធារណៈទាំងអស់ត្រូវតែគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់ៗគ្នា ហើយកុំមានការកែឆ្នៃខុសទ្រង់ទ្រាយដើម និងខុសលក្ខណៈបច្ចេកទេសដែលច្បាប់ហាមឃាត់ ជៀសវាងមន្រ្តីនគរបាលអនុវត្តច្បាប់ផាកពិន័យចំពោះបទល្មើសចរាចរណ៍។
បន្ទាប់មកលោកឧត្តមសេនីយ៍ទោ ស្នងការបន្តពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត ដល់មន្រ្តីនគរបាលចរាចរណ៍ទាំងអស់ត្រូវអនុវត្តតួនាទីភារកិច្ចក្នុងការចុះរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកប្រកបដោយវិជ្ជាជីវៈស្របតាមអនុក្រឹត្យលេខ៣៩ថ្មី។ ទន្ទឹមនឹងនោះត្រូវបន្តផ្សព្វផ្សាយអប់រំស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក បង្ការទប់ស្កាត់ និងអនុវត្តច្បាប់ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងជាពិសេសកំណត់ភូមិសាស្រ្តងាយរងគ្រោះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕