General Commissariat of National Police
.

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ ដឹកនាំនាយនគរបាលខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ចូលរួមក្នុងកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងបទល្មើសគ្រឿងញៀនកម្ពុជា-វៀតណាម

Loading

រដ្ឋធានីហាណូយ៖ ដោយបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ នាយករងមន្ទីរ និងតំណាងស្នងការនគបាលតាមបណ្តាខេត្ត ជាប់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីចូលរួមកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការ ប្រឆាំងបទល្មើសគ្រឿងញៀន កម្ពុជា-វៀតណាម នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ក្នុងគោលបំណង លើកកម្ពស់ប្រសិទ្ធភាព កិច្ចសហការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការទប់ស្កាត់បទល្មើសគ្រឿង ញៀន នៅតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម។

ថ្លែងបើកកម្មវិធីកិច្ចប្រជុំលើទី៤ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឌូ ង៉ុកកាញ នាយកនៃនាយកដ្ឋានប្រឆាំងគ្រឿងញៀន និងបទល្មើសកងទ័ពការពារព្រំដែនវៀតណាម បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ ព្រមទាំង​កោតសរសើរដល់ភាគីកម្ពុជាចំពោះកិច្ចសហប្រតិបត្តិការក្នុងការបង្កាទប់ស្កាត់ និងបង្ក្រាបនូវបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់នាពេលកន្លងមក។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានមានប្រសាសន៍ថា តាមរយៈប្រតិបត្តិការកន្លងមក បានពិនិត្យឃើញថា ពួកឧក្រិដ្ឋជនគ្រឿងញៀនទាំងក្នុង និងក្រៅប្រទេស នៅតែបន្ដឆក់ឱកាសផ្លាស់ប្តូររូបភាព សកម្មភាពថ្មីៗបន្ថែមទៀតដូចជា ៖ ការផ្លាស់ប្តូរច្រក និងផ្លូវចរាចរ ជាពិសេសការលួចកែច្នៃផលិតសារធាតុញៀនថ្មីៗ ក្នុងទ្រង់ទ្រាយតូចៗ នៅតាមផ្ទះជួល បន្ទប់ខុនដូរ និងតាមផ្ទះក្នុងបូរីជាដើម។ យើងក៏បានពង្រឹង ពង្រីក កិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មាន រវាងអង្គភាពអនុវត្តច្បាប់គ្រឿងញៀនថ្នាក់ជាតិ និងថ្នាក់ខេត្តជាប់ព្រំដែន ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក មានប្រសាសន៍ទៀតថា កន្លងមកភាគីទាំងពីរ តែងតែផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ទាន់ពេលពេលវេលា ទើបសមត្ថកិច្ចនៃប្រទេសទាំងពីរ បង្ក្រាបករណីគ្រឿងញៀនឆ្លងដែនបានទាន់ពេល និងមានប្រសិទ្ធភាព កម្ពុជានិងបន្តកិច្ចសហការល្អជាមួយភាគីមិត្ត វៀតណាម និងរឹតចំណងសាមគ្គីភាពបន្ថែមទៀត ដើម្បីឲ្យប្រទេស​យើងទាំងពីរ គ្មានគ្រឿងញៀន ជាពិសេសនៅតាមតំបន់ព្រំដែន និងធ្វើការបោសសម្អាតក្រុមឧក្រិដ្ឋជន ដែលយកប្រទេស​ទាំងពីរ ជាកន្លែងឆ្លងកាត់។

ថ្លែងបិទកម្មវិធីកិច្ចប្រជុំលើទី៤ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឌូ ង៉ុកកាញ នាយកនៃនាយកដ្ឋានប្រឆាំងគ្រឿងញៀន និងបទល្មើសកងទ័ពការពារព្រំដែនវៀតណាម និងបានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ និងធ្វើឲ្យការប្រជុំលើកទី៤នេះ ប្រកបទៅដោយជោគជ័យ និងសូមជូនពរដល់ក្រុមការងារទាំងអស់ឲ្យជួបតែសេចក្តីសុខ និងសន្យាជួបគ្នាឆ្នាំក្រោយ នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា នៅខែមីនា ឆ្នាំ២០២៥ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងបទល្មើសគ្រឿងញៀនកម្ពុជា-វៀតណាម ដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងារលើការប្រឆាំងបទល្មើសគ្រឿងញៀនតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម៕