រាជធានីភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃពុធ ០១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ (ក្រុមការងារ បសប.ហភ) បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការជំរុញការអនុវត្តច្បាប់ និងបច្ចេកទេសនៃការកសាង និងការចោទប្រកាន់ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់” ដែលរៀបចំឡើងដោយក្រសួងយុត្តិធម៌ ក្រោមអធិបតីភាព ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជា ។
គូសបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាកាមសរុបចំនួន ៧៥នាក់ មកពី ក្រសួងយុត្តិធម៌, អគ្គស្នងការដ្ឋាននគរបាលជាតិ, អយ្យការអមសាលាដំបូងរាជធានី-ខេត្ត និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ៕