WASHINGTON, Aug 1 (Reuters) - នៅថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បាននិយាយថា ការសម្លាប់លោក Ismail Haniyeh មេដឹកនាំក្រុមអ៊ីស្លាម ហាម៉ាស់ ប៉ាឡេស្ទីន មិនផ្តល់ជាប្រយោជន៍សម្រាប់ការឈានដល់បទឈប់បាញ់ក្នុងសង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្គាហ្សានោះទេ។
មានការកើនឡើងហានិភ័យនៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាដែលកាន់តែធំទូលាយ បន្ទាប់ពីការធ្វើឃាតលោក Haniyeh ក្នុងប្រទេសអ៊ីរ៉ង់ ដោយទទួលការគំរាមកំហែងនៃការសងសឹកប្រឆាំងនឹងអ៊ីស្រាអែល។
ក្រុមហាម៉ាស់ និងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបញ្ជាក់ពីការស្លាប់របស់លោក Haniyeh ដែលបានចូលរួមក្នុងកិច្ចចរចាដោយប្រយោល ដោយមានការសម្របសម្រួលជាអន្តរជាតិ ដើម្បីឈានដល់បទឈប់បាញ់នៅតំបន់
ហ្គាហ្សា។
ប្រជាជននៅតំបន់ហ្គាហ្សាដែលឡោមព័ទ្ធដោយអ៊ីស្រាអែលមានការព្រួយបារម្ភ ដោយភ័យខ្លាចថាការសម្លាប់លោក Haniyeh កាលថ្ងៃពុធនឹងអូសបន្លាយសង្គ្រាម។
អ៊ីរ៉ង់បាននិយាយថា ការសម្លាប់នេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីលោកបានចូលរួមក្នុងពិធីស្បថចូលកាន់តំណែងប្រធានាធិបតីថ្មីរបស់ខ្លួន។
កាលពីល្ងាចថ្ងៃព្រហស្បតិ៍ លោកបាយឌិន បានប្រាប់អ្នកសារព័ត៌មានបែបនេះនៅពេលមានសំនួរថាតើ ការធ្វើឃាតរបស់ លោក Haniyeh បានបំផ្លាញឱកាសសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ដែរ ឬទេ។
លោកក៏បាននិយាយដែរថា លោកបានសន្ទនាផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នៅព្រឹកថ្ងៃព្រហស្បតិ៍។