រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទដ្ឋានគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងមហាផៃ្ទ បានជុំរុញការផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពបានចំនួន ២,៥៦៤លើក និងមានអ្នកចូលរួមចំនួន៩៥,៧៦៦នាក់ ទូទាំង២៥រាជធានី-ខេត្ត។ នេះបើយោងតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ (សុខៈ)។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងដែរថា ៖
-នៅថ្ងៃទី១ ខែកញ្ញា ក្រសួងមហាផៃ្ទផ្សព្វផ្សាយបានចំនួន ២៣៣លើក អ្នកចូលរួម ១២,៤០៤នាក់ មាន២១រាជធានីខេត្ត។
-ថ្ងៃទី២កញ្ញា ចំនួន ៣៥៤លើ អ្នកចូលរួម ១៥,៤៣២នាក់ មាន២២រាជធានីខេត្ត។
-ថ្ងៃទី៣ ចំនួន ៣៩៦លើក អ្នកចូលរួម១៣,៤៩១នាក់ មាន២២ រាជធានីខេត្ត។
-ថ្ងៃទី៤ ចំនួន ៤១១លើក អ្នកចូលរួម ១៤,០១៧នាក់។
-ថ្ងៃទី៥ ចំនួន ៣៩៣លើក អ្នកចូលរួម ១៤,១០៨នាក់ មាន២៣រាជធានីខេត្ត។
-ថ្ងៃទី៦ ចំនួន ៤៨៧លើក អ្នកចូលរួម ១៦,០១៦នាក់ មាន២២រាជធានីខេត្ត និងថ្ងៃទី៧ ផ្សព្វផ្សាយបានចំនួន ២៩០លើក អ្នកចូលរួម ១០,២៩៨នាក់ មាន២២រាជធានីខេត្ត។
ដោយឡែកចំពោះបញ្ហានយោបាយវិញ លោកបណ្ឌិត ទូច សុឃ: (សុខ:) បានឱ្យដឹងថាដើមសប្ដាហ៍កន្លងទៅនេះ សភាពការណ៍ស្ងប់ស្ងាត់ គ្មានអ្វីគួរឱ្យកត់សម្គាល់នោះទេ ស្របពេលដែលក្រសួងមហាផៃ្ទក្រោមការដឹកនាំរបស់ឯកឧត្តមអិសន្តិបណ្ឌិត ស សុខា បានចេញសេចក្តីប្រកាសបដិសេធ និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះក្រុមជ្រុលនិយមក្រៅប្រទេសមួយក្តាប់តូចដែលប៉ុនប៉ង បំបែកបំបាក់ និងផ្តួលរំលំរាជរដ្ឋាភិបាល។ ស្របគ្នានេះដែរ ក្រសួងមហាផៃ្ទដែលដើរតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាល ក៏បានដាក់ចេញគោលការណ៍សំខាន់ៗ ដើម្បីទប់ស្កាត់បង្ការ និងការពារនូវសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល មិនឱ្យមានបាតុភូតអ្វីកើតឡើងជាដាច់ខាត។
ក្នុងន័យបន្តរក្សាសុខសន្តិភាពក្រោមមគ្គទេសក៍របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ ក៏បានអំពាវនាវដល់សាធារណជន ទាំងក្នុង និងក្រៅប្រទេស មេត្តាកុំជឿលង់លើឧបាយកលដ៏ខ្មៅងងិតរបស់ជនអគតិ ដែលតែងតែព្យាយាមអូសទាញដោយប្រើរូបភាពផ្សេងៗ ក្នុងចេតនាទុច្ចរិត និងមិនចង់ឱ្យប្រទេសរបស់យើងបានសុខចម្រើន។
ចំពោះគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព គឺស្របទៅនឹងទិសដៅអាទិភាពទាំង៦ ដែលឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញកាលពីដើមអាណត្តិទី៧នេះ ក្រោមគោលការណ៍ «សម្អាតផ្ទះយើង» របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងទស្សនៈរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី«អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕