រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: ប្រធានអនុគណ:កម្មការជំរុញការប្រើប្រាស់ និងបង្កើតមាតិកានៃគណគ្រប់គ្រងកម្មវិធីទូរសព្ទដៃ NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជម្រាបជូនបែបនេះ ក្នុងកម្មវិធីផ្សព្វផ្សាយជំរុញការទាញយកApp NoDrug វគ្គបណ្តុះបណ្តាលជនបង្គោលផ្សព្វផ្សាយអប់រំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងកងយោធពលខេមរភូមិន្ទកាល ចំនួន២៥១នាក់ មកពីអង្គភាពចំណុះក្រសួងការពារជាតិ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ទីស្តីការក្រសួងការពារជាតិ។
ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ប្រធានគណ:គ្រប់គ្រងកម្មវិធីទូរសព្ទដៃ NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ឯក លឹម តុងហួត សូមថ្លែងអំណរគុណដល់ជនបង្គោល ដែលទើបទទួលបានការបណ្តុះបណ្តាលថ្មី ដែលបានបង្ហាញអារម្មណ៍ និងសកម្មភាពទាញយកApp NoDrug ទៅប្រើប្រាស់ និងផ្សព្វផ្សាយបន្តដល់សមាជិកខ្លួន ដើម្បីបានប្រើប្រាស់ដើម្បីទទួលបានឧត្តមប្រយោជន៍សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍ទាំងមូលគឺ បានទទួលចំណេះដឹង កំសាន្តអប់រំ មេរៀន ការព្យាបាល និងការរាយការណ៍ដោយសំងាត់ មកកាន់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រាល់ករណីគ្រឿងញៀននៅក្នុងសហគមន៍ ដើម្បីទទួលបានការអន្តរាគមន៍ដោះស្រាយ ស្របតាមពាក្យស្លោក ” ចូលរួមទាំងអស់ដើម្បីជិវិតនិងសហគមន៍គ្មានគ្រឿងញៀន “។
លោកក៏បានបញ្ជាក់បន្ថែមថា មកដល់ពេលនេះ មានសាធារណជនទាញយក កម្មវិធីមកប្រើប្រាស់បានជាង៣ម៉ឺននាក់ហើយ និងសូមឱ្យសាធារណជនបន្ត ចូលរួមទាញយកបន្ថែមទៀតដើម្បីដោះស្រាយ កង្វល់របស់បងប្អូនយើងពាក់ព័ន្ធ នឹងបញ្ហាគ្រឿងញៀន ៖ https://nodrugsnacd.com/download ជាមួយគ្នានេះ ប្រសិនបើបងប្អូនចាប់អារម្មណ៍ ចូលរួមបង្កើតមាតិកា សូមទំនាក់ទំនងតេឡេក្រាម លេខ 012 777 761 ៕