General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ប្រកាសបិទវគ្គបណ្តុះបណ្តាលមុខជំនាញ DNA នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

Loading

ខេត្តកំពង់ធំ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពីមុខជំនាញ DNA ដល់កងកម្លាំងនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ២០២៤ ។

លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ដកំពង់ធំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានបើកវគ្គបណ្តុះបណ្តាលជំនាញនេះឡើង ដើម្បីពង្រីកចំណេះដឹង ពង្រឹងសមត្ថភាពជំនាញ បច្ចេកទេស បទពិសោធន៍ថ្មីៗ ដល់កងកម្លាំង ឲ្យកាន់តែល្អប្រសើរខ្លាំងក្លាបន្ថែមទៀត សម្រាប់អនុវត្តតួនាទី ភារកិច្ច ជាប្រចាំថ្ងៃ សម្រេចបានជោគជ័យ ជូនថ្នាក់ដឹកនាំ អង្គភាព និងប្រទេសជាតិ ។

បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ លោកស្នងការ សង្ឃឹមជឿជាក់ថា បងប្អូនវិលត្រលប់ទៅបំពេញភារកិច្ច នៅតាមគោលដៅអង្គភាពសាម៉ីខ្លួនវិញ និងយកចំណេះដឹង បទពិសោធន៍ ទៅដុសខាត់អនុវត្តជាក់ស្តែង សម្រេចបានផ្លែផ្កាជាបន្តបន្ទាប់ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ បានថ្លែងអំណរគុណចំពោះលោកគ្រូឧទ្ទេសនាម និងអរគុណចំពោះលោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការ ដែលបានចាត់ចែងរៀបចំទីកន្លែង បង្កបរិយាកាសល្អ ដល់ក្រុមការងារបង្ហាត់បង្រៀនដោយដំណើរការមានភាពរលូន ស្របតាមគោលនយោបាយ របស់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ លើវិស័យបណ្តុះបណ្តាលធនធានមនុស្ស ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា បានមានប្រសាសន៍ឯកភាពទៅលើរបាយការណ៍លទ្ធផលវគ្គសិក្សាដែលគ្រូបង្គោលបានលើកយកខ្លឹមសារមេរៀនសំខាន់ៗទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង នៃមូលដ្ឋានគ្រឹះមុខជំនាញនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ក្នុងការការពារគ្រប់គ្រងកន្លែងកើតហេតុ ដើម្បីថែរក្សាស្លាកស្នាមវត្ថុតាងនៅកន្លែងកើតហេតុ និងបានផ្តល់ចំណេះដឹង នូវវិធីសាស្ត្រក្នុងការស្វែងរក ប្រមូលចាប់យកសំណាក DNA ។

ឯកឧត្តមអគ្គស្នងការរង ក៏បានកោតសរសើរ និងចូលរួមអបអរសាទរសិក្ខាកាមចំនួន៦០រូប ដែលទទួលបានកម្រិតយល់ដឹងល្អប្រសើរ ២៥%, កម្រិតយល់ដឹងល្អ ៥០% , សិក្ខាកាមមានកម្រិតយល់ដឹងមធ្យម ២៥%
នេះបញ្ជាក់ឲ្យឃើញថា សិក្ខាកាមពិតជាខិតខំយកចិត្តទុកដាក់រៀនសូត្រអស់ពីកម្លាំងកាយចិត្ត ស្វែងយល់អំពីមុខជំនាញ និងបទពិសោធន៍ថ្មីដែលលោកគ្រូបានចែករំលែក លទ្ធផលនេះបានបញ្ជាក់នូវសកម្មភាពមូលដ្ឋានគ្រឹះរឹងមាំ និងមានប្រសិទ្ធភាពសុក្រិតបំផុត។

ដើម្បីប្រសិទ្ធភាពការងារ ឯកឧត្តម ឧត្តមសេនូយ៍ឯក មួង សុធា បានដាក់ចេញគោលការណ៍ ១០ចំណុច យកទៅអនុវត្តដូចខាងក្រោម៖
១.តំកល់ឯកសារមេរៀនទុកនៅស្នងការដ្ឋាននគរបាលខេត្តទាំង០៥ ដែលបានបណ្តុះបណ្តាលរួចរួមមាន៖ កំពង់ធំ កំពង់ចាម សៀមរាប ព្រះវិហារ និងឧត្តរមានជ័យ ។
២.ត្រូវយកចំណេះជំនាញ ដែលបានសិក្សាទៅអនុវត្តការងារឲ្យមានប្រសិទ្ធភាពបំផុត ។
៣.ត្រូវណែនាំ-ផ្សព្វផ្សាយ និងបណ្តុះបណ្តាលបន្តទៅដល់មន្ត្រីនគរបាលប៉ុស្តិ៍អំពីជំនាញការការពារកន្លែងកើតហេតុ ។
៤.ករណីលួច-ករណីបង្ករឲ្យមានមនុស្សរបួស-ស្លាប់-រំលោភសេពសន្ថវៈ និងករណីអគ្គីភ័យ ចាំបាច់ត្រូវមានមន្ត្រីនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ចូលរួមក្នុងការស៊ើបអង្កេតប្រមូលចាប់យកវត្ថុតាងនៅកន្លែងកើតហេតុ ។
៥.ករណីជនបរទេស និងជនមិនស្គាល់អត្តសញ្ញាណស្លាប់ដោយមូលហេតុផ្សេងៗ ត្រូវប្រគល់សំណុំករណីនេះទៅការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ។
៦.ថតរូបជនសង្ស័យទៅតាមគោលការណ៍ជំនាញ ដែលមានផ្ទាំងម៉ែត្រចែកជូនស្រាប់ ។
៧.គ្រប់កន្លែងកើតហេតុត្រូវតែហ៊ុំព័ទ្ធតាមគោលការណ៍ណែនាំជំនាញ ដោយខ្សែការពារដែលបានចែកជូនស្រាប់ ។
៨.មន្ត្រីនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ត្រូវយករបាយការណ៍លទ្ធផលកោសល្យវិច័យរបស់ខ្លួនដាក់ចូលក្នុងសំណុំរឿង ។
៩.រាល់វត្ថុតាងដែលប្រមូលបានពីកន្លែងកើតហេតុ ត្រូវតែវេចខ្ចប់ ថែរក្សា ដឹកជញ្ជូនមកកាន់អង្គភាព ឬ មន្ទីរពិសោធន៍ តាមគោលការណ៍ជំនាញ និងរក្សាការសម្ងាត់គ្រប់ឯកសារជំនាញ ។
១០.នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ត្រូវចុះត្រួតពិនិត្យលើការកសាងឯកសារជំនាញ និងកោសល្យវិច័យ DNA របស់ការិយលា័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ក្នុង០៦ខែម្តង ។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក៏បានកោតសរសើរដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈុន ចាន់សុខា ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត និងសហការី ដែលបានខិតខំឲ្យមានវគ្គនេះឡើង និងលោកឧត្តមសេនីយ៍ត្រី ហេង សុផល ព្រមទាំងថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលបានជួយសម្របសម្រួលរៀបចំផ្តល់ទីកន្លែងសម្រាប់ការរៀនសូត្របានល្អប្រសើរតាំងពីដើមរហូតដល់ចប់។

ជាកិច្ចចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា បានប្រគល់សម្ភារៈ ឧបករណ៍ បម្រើឲ្យការងារបច្ចេកទេសកោសល្យវិច័យ ដល់ស្នងការដ្ឋាននគរបាល ទាំង ០៥ខេត្ត ចំនួន ១២មុខរួមមាន៖ ១.វ៉ាលីសម្រាប់ពិនិត្យកន្លែងកើតហេតុ ចំនួន ១វ៉ាលី, ២.ខ្សែការពារកន្លែងកើតហេតុចំនួន ១០ដុំ, ៣.ផ្ទាំងម៉ែតសំពត(វាស់កម្ពស់) ចំនួន១, ៤.កែវពង្រីកចំនួន២, ៥.ស្តុតផ្តិតយកស្នាមក្រយ៉ៅដៃខ្នាតតូច ចំនួន ១ដុំ, ៦.ស្តុតផ្តិតយកស្នាមក្រយ៉ៅដៃខ្នាតកណ្តាល ចំនួន ១ដុំ, ៧.ប្រអប់សម្រាប់ផ្តិតយកស្នាមដានជើង ចំនួន១, ៨.ទឹកថ្នាំសម្រាប់ផ្តិតយកប្រយ៉ៅដៃ និងជើង ចំនួន ១០បំពង់, ៩.សំឡីសម្រាប់ចាប់យកសំណាក់ DNA ចំនួន ១កញ្ចប់, ១០.ម៉ែត្រសម្រាប់វាស់ស្នាមរបួស ចំនួន ១៩កញ្ចប់, ១១.ម៉ែត្រកែង ចំនួន ៥, ១២.ប្រអប់សម្រាប់ដាក់ស្តុតបិទក្រយ៉ៅដៃ ចំនួន ២ប្រអប់ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ដល់សិក្ខាកាម និងប្រកាសបិទវគ្គបណ្តុះបណ្តាលមុខជំនាញ DNA នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាឱកាសនេះ ។

សូមរំលឹកដែរថា វគ្គបណ្ដុះបណ្ដាលរយៈពេល ០៥ថ្ងៃ ចាប់ផ្ដើមនៅថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ សិក្ខាកាមចំនួន ៦០រូប មកពីស្នងការដ្ឋាននគរបាលចំនួន ០៥ ខេត្ត រួមមាន៖ ១.ខេត្តកំពង់ធំ, ២.ខេត្កំពង់ចាម, ៣.ខេត្តសៀមរាប, ៤.ខេត្ត ឧត្តរមានជ័យ, ៥.ខេត្តព្រះវិហារ, គ្រូបង្គោលចំនួន ០៣ រូប មុខវិជ្ជារួមមាន៖ ១-ការការពារកន្លែងកើតហេតុរបស់មន្ត្រីនគរបាលមូលដ្ឋាន, ២-នីតិវិធីមួយចំនួនសម្រាប់ការធ្វើដំណើរទៅកាន់កន្លែងកើតហេតុ និងការពិនិត្យកត់ហេតុ, ៣-វិធីសាស្ត្រ ស្វែងរក ប្រមូលចាប់យក រក្សាទុកនិងដឹកជញ្ជូនសំណាកវេជ្ជសាស្រ្ត (DNA), ៤-មូលដ្ឋានគ្រឹះអំពីដំណើរការពិសោធន៍ DNA និងការវាយតម្លៃលទ្ធផល, ៥-មូលដ្ឋានគ្រឹះអំពីការប្រមូលភស្តុតាងក្នុងគោលបំណងធ្វើ DNA, ៦-វិធីសាស្ត្រប្រើប្រាស់ឧបករណ៍សម្ភារៈបច្ចេកទេស, ៧-ការអនុវត្តជាក់ស្តែង(សេ
ណារីយ៉ូ) ៕