ខេត្តសៀមរាប៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ពង្រឹងសមត្ថភាពគ្រូឧទ្ទេសនៅតាមសាលាគរុកោសល្យនិងវិក្រឹតការខេត្តក្នុងការបង្រៀនមុខវិជ្ជា “អប់រំសុខភាព” ឆ្លើយតបទៅនឹងកម្មវិធីសិក្សាមុខវិជ្ជា “អប់រំសុខភាព” ដែលមានចែងនៅក្នុងក្របខណ្ឌ កម្មវិធីសិក្សាអប់រំចំណេះទូទៅ និងអប់រំបច្ចេកទេស និងក្របខណ្ឌកម្មវិធីសិក្សានៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ តាមរយ:ការរៀបចំ វគ្គបំប៉នស្តីពីការប្រើប្រាស់សៀវភៅសិក្សា គោលមុខវិជ្ជា “អប់រំសុខភាព” ដល់គ្រូឧទ្ទេស នៅតាមសាលាគរុកោសល្យនិងវិក្រឹតការខេត្ត ។
ថ្លែងក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី យិន យឿត បានថ្លែងអំណរគុណ និងបានចាត់ទុកបញ្ហាសុខភាពជារឿងសំខាន់ ពិសេសបញ្ហាគ្រឿងញៀនដែលនាំឱ្យសុខភាពមានបញ្ហានឹងក្លាយជាឧបសគ្គចម្បង មួយរារាំងការទទួលបាននូវការសិក្សាល្អប្រសើរ “ការលើកកម្ពស់សុខភាពសិក្សា” បាននៅតាមគ្រឹះស្ថានសិក្សាគឺធានាដល់សុខភាព សុវត្ថិភាព និងផាសុកភាពដល់អ្នកសិក្សា និងបុគ្គលិកអប់រំនៅតាមគ្រឹះស្ថានសិក្សារបស់ខ្លួន។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី យិន យឿត បាននិងបានផ្តល់ការចែករំលែកចំណេះដឹងដល់សិក្ខាកាមទាំងអស់មាន អ្វីទៅជាគ្រឿងញៀន? ឥទ្ធិពល និងគ្រោះថ្នាក់នៃការប្រើប្រាស់់គ្រឿងញៀនគ្រប់ប្រភេទ ផលប៉ះពាល់ដល់អ្នកប្រើ គ្រួសារ និងសង្គម ហេតុអ្វីបានគេប្រើគ្រឿងញៀន របៀបបដិសេធគ្រឿងញៀន ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងការទាញយកកម្មវិធីទូរសព្ទដៃ App NoDrug ៖https://nodrugsnacd.com/download ដើម្បីក្លាយជាអាជ្ញាធរអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំគ្រួសារ ។
សូមបញ្ជាក់ថា ចំវគ្គបំប៉នមានរយៈពេល៣(បី)ថ្ងៃ គិតចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាគរុកោសល្យនិងវិក្រឹតការ ខេត្តសៀមរាប ដែលមានអ្នកចូលរួមជិត១០០នាក់មកពីសាលាគរុកោសល្យខេត្ត១៦ ក្រសួង និងដៃគូពាក់ព័ន្ធ៕