General Commissariat of National Police
.

សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាម្នាក់ ករណីលួចម៉ូតូប្រជាពលរដ្ឋនៅស្រុកបវេល  

Loading

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១០ និង១៩នាទី នៅចំណុចភូមិរាមសេនា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង មានករណីលួច (ម៉ូតូ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វេីសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ ហួត សេងហាក់ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិគោកទ្រាស ឃុំឈ្នួរ មានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ភ្លាមៗនោះដែរជនរងគ្រោះបានឃេីញជនសង្ស័យលួចម៉ូតូរបស់ខ្លួនជិះរត់គេច ខណៈនោះខ្លួនបានស្រែកអោយគេជួយចាប់ចោរ តែចាប់មិនទាន់ ហើយជនរងគ្រោះបានខ្ចីម៉ូតូគេដេីម្បីជិះដេញតាម ដេញតាមដល់ចំនុចផ្លូវលំក្នុងភូមិជិតដល់សាលា ឃុំសឿ ស្រុកមង្គលបូរី (មិនស្គាល់ភូមិ) ជនរងគ្រោះក៏តាមទាន់រួចស្រែអោយប្រជាពលរដ្ឋជួយចាប់តែម្ដង ពេលចាប់បានជនសង្ស័យសមត្ថកិច្ចក៏មកដល់ដែរ រួចក៏បញ្ជូនជនសង្ស័យនោះទៅប៉ុស្តិ៍នគរបាលរដ្ឋសឿ តែម្តង។ 

ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កំលាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកបវេល ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល នាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ម៉ាន សុធារិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិតាមាឃ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបវេល ។

 ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាពលួចយកម៉ូតូ របស់ជនរងគ្រោះពិតប្រាកដមែន។ វត្ថុតាងដកហូតបានរួមមាន ៖
-ម៉ូតូចំនួន០១ ម៉ាកហុងដាឌ្រីសេរី ឆ្នាំ២០២៣ ពណ៌ក្រហម ពាក់ស្លាកលេខ.បន្ទាយមានជ័យ 1AA-4499 ជារបស់ជនរងគ្រោះ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលស្រុកបវេល សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕