General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្រ្តាចារ្យ ស៊ូ សុផាន អញ្ជើញដឹកនាំគណៈប្រតិភូសេនាធិការដ្ឋាន គោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ឯក ស៊ិន រិទ្ធា នាយការិយាល័យសិល្បៈ និងកីឡា

Loading

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្រ្តាចារ្យ ស៊ូ សុផាន ប្រធានសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូសេនាធិដ្ឋាន គោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ឯក ស៊ិន រិទ្ធា នាយការិយាល័យសិល្បៈ និងកីឡា នៃនាយកដ្ឋានរដ្ឋបាលទូទៅ នៅគេហដ្ឋាននៃសព ស្ថិតនៅបុរីលំនៅដ្ឋានវាលស្បូវ ផ្ទះលេខK17 ផ្លូវ F4 សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ស៊ិន រិទ្ធា នាយការិយាល័យសិល្បៈ និងកីឡា បានទទួលមរណភាព នៅថ្ងៃទីអង្គារ ១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤  ក្នុងជន្មាយុ៥៨ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្រ្តាចារ្យ ស៊ូ សុផាន ប្រធានសេនាធិការ និងគណៈប្រតិភូ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព និងបាននាំយកសាររំលែកទុក្ខ និងថវិកាចំនួន ៤.០០០.០០០រៀល របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ថវិការបស់ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ ប្រធាន-អនុប្រធានសេនាធិការដ្ឋាន ប្រធាននាយដ្ឋានរដ្ឋបាលទូទៅ នាយកដ្ឋានផ្សេងៗ និងថវិកាតាមការិយាល័យ សរុបចំនួន ១២.០៦៥.០០០រៀល និង៤០០ដុល្លារ និងថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦.០០០.០០០រៀល ប្រគល់ជូនភរិយាសពលោកវរសេនីយ៍ឯក ស៊ិន រិទ្ធា ផងដែរ ។

សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់ លោកវរសេនីយ៍ឯក ស៊ិន រិទ្ធា បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា ពិធីបុណ្យ៧ថ្ងៃ ធ្វើនៅគេហដ្ឋាននៃសព ស្ថិតនៅបុរីលំនៅដ្ឋានវាលស្បូវ ផ្ទះលេខK17 ផ្លូវ F4 សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រសៀលថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ និងព្រឹកថ្ងៃចន្ទ ៧កើត ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ៕