General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញដឹកនាំត្រួតពិនិត្យកងកម្លាំង និងផ្សព្វផ្សាយអំពីល្បិចកល់ក្រុមជ្រុលនិយម មានចេតនាបំផ្លាញសុខសន្តិភាព បំភ្លៃព័ត៌មាន និងបង្កើតព័ត៌មានក្លែងក្លាយពាក់ព័ន្ធកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA

Loading

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចុះដឹកនាំត្រួតពិនិត្យពង្រឹងកងកម្លាំងតាមបណ្ដាអធិការដ្ឋានមួយចំនួន ដើម្បីធានាបាននូវការថែរក្សាសុខសន្តិភាព ដាច់ខាតត្រូវប្រើវិធានាការទប់ស្កាត់មិនឱ្យមានការធ្វើបដិវត្តន៍ពណ៌ពីក្រុមជ្រុលនិយមណាមួយឡើយ និងផ្សព្វផ្សាយឱ្យមានការយល់ដឹងច្បាស់ និងគាំទ្រអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម CLV-DTA ។

ជាមួយនឹងការ ចុះត្រួតពិនិត្យកម្លាំង តាមបណ្ដាអធិការដ្ឋាននគរបាលស្រុករួមមាន: ស្រុកកោះសូទិន, ស្រុកស្រីសន្ធរ, ស្រុកកងមាស, ស្រុកបាធាយ, ស្រុកជើងព្រៃ និងស្រុកព្រៃឈរ លោកឧត្តមសេនីយ៍ស្នងការក៏បានធ្វើការណែនាំឱ្យមានការបែងចែកកម្លាំងផ្លាស់ប្ដូរវេនប្រចាំការ ២៤/២៤ម៉ោង កម្លាំងល្បាតចល័តក្នុងភូមិសាស្រ្តងាយរងគ្រោះ ពិសេសត្រូវបន្ដចុះផ្សព្វផ្សាយដល់ខ្នងផ្ទះប្រជាពលរដ្ឋ កុំឱ្យជឿលើការញុះញ៉ង ចំពោះល្បិចកល់របស់ក្រុមជ្រុលនិយមឱ្យប្រព្រឹត្តបទល្មើសខុសច្បាប់ និងបំផុសបំផុលក្នុងរូបភាពបំពុលសង្គម និងត្រូវប្រើប្រាស់វិធានការជំនាញ ដើម្បីអនុវត្តច្បាប់លើជនណាដែលប្រព្រឹត្តបទល្មើស និងត្រូវបន្ដគ្រប់គ្រងសភាពការណ៍សន្តិសុខ ក្នុងមូលដ្ឋាន ដើម្បីធានានូវ សេចក្ដីសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ៕