ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួង សហការជាមួយកម្លាំងចម្រុះ ដឹកនាំដោយលោក ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ដពោធិ៍សាត់ ដែលមានសមាសភាពចូលរួម លោក គឺ គឹមណូ អភិបាលរងនៃគណៈអភិបាលស្រុកក្រគរ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ លោកនាយ-នាយរងផ្នែក រួមមានក្រុមការងារថ្នាក់ជាតិ មានលោកតំណាងអធិការរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកតំណាងអគ្គស្នងការនគរបាលជាតិ យោធាខេត្ដ កម្លាំងកងរាជអាវុធហត្ថស្រុកក្រគរ កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ មន្ត្រីបរិស្ថាន បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលនៅ ចាប់ពីឃុំកំពង់លួង រហូតដល់ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ដោយប្រើប្រាស់កម្លាំងសរុបចំនួន២៧នាក់ នឹងកាណូតចំនួន៧គ្រឿង។
លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងថា ៖ ស្ថានភាពកម្ពស់ទឹក នៅស្ថានីយ៍ជលសាស្ត្រ បឹងទន្លេសាប-កំពង់លួង មាន ៣,០១ម៉ែត្រ ចំពោះហ្វូងត្រីលិញ ត្រីរៀល កូនត្រីប្រា ពោ កូនត្រីក្បកបានធ្លាក់មកដល់បឹងទន្លេសាបហើយ ក្រុមការងារបានបង្រ្កាបបទល្មើសជលផលបានចំនួន១ករណី របាំងស្បៃមុងខុសច្បាប់២៥ខ្សែ ប្រវែង៧៥០០ម៉ែត្រ ,លូកងស្បៃមុងចំនួន៤៣មាត់ ,បង្គោលចំនួន៨៩០ដើម នឹងបានចាក់លែងកូនត្រីទម្ងន់៨៩គីឡូក្រាមចូលក្នុងបឹងទន្លេសាបវិញ៕