សៀមរាប៖ នៅព្រឹកថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០នាទី លោកឧត្តមសេនីយ៍ត្រី អៀង មករា ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំសហការី ចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ត្រី ជាកិច្ចបច្ឆាមរណៈជូនចំពោះសព លោកអនុសេនីយ៍ឯក សេង ចន្ធូ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីលក នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង ដែលបានទទួលមរណភាព កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០២:០០នាទី ក្នុងជន្មាយុ ៤៥ឆ្នាំ ដោយរោគាពាធ ។
ក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រី ស្នងការរង បាននាំយកនូវថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ៦.០០០.០០០៛ (ប្រាំមួយលានរៀល) និងថវិការបស់លោកឧត្តមសេនីយ៍ទោ ស្នងការ ព្រមទាំងក្រុមការងារ រួមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូនក្រុមគ្រួសារ នៃសព ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទាំងអស់ សូមលំឱនកាយចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយគ្រួសារ ញាតិមិត្ត នៃសព ហើយសូមឧទិ្ទសដល់ដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី សេង ចន្ធូ បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕