ខេត្តកំពង់ស្ពឺ៖ ព្រឹកថ្ងៃ ចន្ទ១៤រោច ខែ ស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស និងបង្ការអគ្គិភ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប្លង់ សោភ័ណ អនុប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ព្រមទាំងសហការី បានចុះត្រួតពិនិត្យដល់ទីតាំងក្រុមហ៊ុន ស៊ីន ហុងរួយ (ខេមបូឌា) ហ្គាម៉ិន ឯ.ក និងក្រុមហ៊ុន អេសឌី ជីនដា ហ្គាម៉ិន (ខេមបូឌា) ឯ.ក ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសគ្រប់គ្រងប្រព័ន្ធអគ្គិភ័យរបស់ក្រុមហ៊ុនទាំងពីរផ្ទាល់។
គោលបំណងសំខាន់គឺចង់ឲ្យគោលដៅបំពាក់ឧបករណ៍ សម្ភារៈ បរិក្ខារប្រព័ន្ធបង្ការ ពន្លត់អគ្គិភ័យនិងសង្រ្គោះ ឲ្យបានសមស្របជាមួយប្លង់ និងតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាសុវត្ថិភាពអគ្គិភ័យក្នុងទីតាំងទាំងមូល មុនដាក់ជូនថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិលោកពិនិត្យ និងចុះហត្ថលេខាលើវិញ្ញាបនបត្របព្ជាក់អំពីគុណភាពប្រសិទ្ធិភាពនៃប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ ។
ក្រុមការងារត្រួតពិនិត្យបច្ចេកទេស និងបង្ការអគ្គិភ័យ បានដំណើរការត្រួតពិនិត្យយកចិត្តទុកដាក់ទីតាំងសំខាន់ៗរួមមាន៖
– ការបំពាក់ប្រព័ន្ធផ្តល់ព័ត៌មាន (ស្រូបផ្សែង ស្រូបកម្តៅ កណ្តឹងរោទិ៍ ភ្លើងសញ្ញាប្រកាសអាសន្ន)
– បន្ទប់ម៉ូទ័រ និងអាងស្តុកទឹកសម្រាប់ត្រៀមផ្គត់ផ្គង់ទឹកពេលមានហានីភ័យកើតឡើង
– បន្ទប់ផ្ទុកទិន្ន័យ (data Sever)
– ទូប្រអប់ក្រណាត់នឹងក្បាលឡង់ បង្គោលយកទឹកសម្រាប់រថយន្តពន្លត់អគ្គិភ័យក្នុងនិងក្រៅគោលដៅដែលបានបំពាក់តាមទីតាំងនីមួយៗ
– ច្រកជម្លៀសខ្លួនពេលមានអាសន្ន និងភ្លើងបំភ្លឺស្វ័យប្រវត្តិ។
ជាមួយគ្នានេះ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស និងបង្ការអគ្គិភ័យ បានពិនិត្យ និងផ្តល់យោបល់គោលដៅទី១ ក្រុមហ៊ុន ស៊ីន ហុងរួយ (ខេមបូឌា) ហ្គាម៉ិន ឯ.ក ដូចខាងក្រោម៖
១. ប្រអប់ទុយោទឹកពន្លត់អគ្គិភ័យត្រូវកែឈ្មោះជាភាសាខ្មែរ ដាក់លេខទំនាក់ទំនងថ្នាក់ជាតិ១១៧ និងលេខទំនាក់ទំនងស្នងការខេត្ត០៩៧៧៧៨០០១៨។
២. ឃ្លាំងកាតុងត្រូវរៀបចំប្រព័ន្ធស្រូបផ្សែងដោយកាំរស្មីចំណាំងផ្លាតចំនួន០៤ឈុត និងព្យួរពីក្រោមធ្នឹមឃ្លាំងក្រដាសកាតុងត្រូវមានបាល់ឡុងស្វ័យប្រវត្តិម្សៅស្ងួតABC ៨ Kg ក្នុង១ជួរ ៣គ្រាប់។
៣. ក្នុងឃ្លាំងក្រណាត់ត្រូវបន្ថែមទុយោក្រណាត់១ខ្សែ និងបំពង់ABC ៨Kgដាក់អោយគ្រប់តាមប្រអប់ទុយោទឹកដែលមានទាំងអស់។
៤. ត្រូវរៀបចំម៉ាស៊ិនគ្រប់គ្រង ផ្តល់ព័ត៌មានអគ្គិភ័យ និងម៉ូទ័របូមទឹកត្រូវបើកដោយស្វ័យប្រវត្តិ។
៥. បន្ទប់ម៉ាស៊ីនភ្លើងបម្រុងត្រូវមានបាល់ឡុងពន្លត់អគ្គិភ័យស្វ័យប្រវត្តិពីលើចំនួន ០៣គ្រាប់ ប្រភេទរទេះកង់រុញឧស្ម័នកាបោនឌីអុកស៊ីត ចំណុះ១៥លីត្រ និងប្រភេទរទេះកង់រុញFoam ថ្នាំពពុះ ចំណុះ៣៥លីត្រចំនួន០១គ្រឿង។
៦. ត្រូវមានសម្លៀកបំពាក់ពន្លត់អគ្គិភ័យចំនួន ០៦ឈុត បំពង់ SCBA និងបន្ថែមគំនូសព្រួញតាមកន្លែងដែលមានការណែនាំពីប្រធានក្រុមបច្ចេកទេស។
ដោយឡែកគោលដៅទី២ ក្រុមហ៊ុន អេសឌី ជីនដា ហ្គាមិន (ខេមបូឌា) ឯ.ក
១. ប្រអប់ទុយោទឹកពន្លត់អគ្គិភ័យត្រូវកែឈ្មោះជាភាសាខ្មែរ ដាក់លេខទំនាក់ទំនងថ្នាក់ជាតិ១១៧ និងលេខទំនាក់ទំនងស្នងការខេត្ត០៩៧៧៧៨០០១៨។
២. អគារB ត្រូវកែឧបករណ៍ស្រូបផ្សែងពីប្រើថ្ម មកប្រើចរន្តអគ្គិសនីវិញដោយកំណត់ទីតាំងនិងភ្ជាប់ទៅប្រអប់គ្រប់គ្រង-ផ្តល់ព័ត៌មានអគ្គិភ័យ។
៣. ឃ្លាំងវត្ថុធាតុដើមត្រូវបំពាក់បាល់ឡុងស្វ័យប្រវត្តិABCម្សៅស្ងួត៨Kg ចំនួន១០គ្រាប់, ឧបករណ៍ស្រូបផ្សែងដោយកាំរស្មីចំណាំងផ្លាតចំនួន០២ឈុត, ទុយោទឹកចាស់ៗលិចទឹកត្រូវប្តូរចេញ និងបន្ថែមទុយោក្រណាត់០១ខ្សែរទៀតគ្រប់ប្រអប់ទាំងអស់។
៤. ម៉ូទ័របូមទឹកត្រូវមានបាល់ឡុងពន្លត់អគ្គិភ័យចំនួន០២គ្រាប់ និងរទេះកង់រុញប្រភេទកាបោនឌីអុកសុីតចំណុះ១៥Kg ខ្យល់ចំនួន០១គ្រឿង។
៥. ឃ្លាំងកំទេចក្រណាត់ត្រូវមានបាល់ឡុងស្វ័យប្រវត្តិចំនួន០៦គ្រាប់ បំពង់ABC ៨Kg ចំនួន០២បំពង់ និងពេលក្តៅត្រូវឧស្សាហ៍បាញ់ទឹកស្រោចពីលើឱ្យបានសើមជានិច្ច។
៦. កន្លែងដាក់ម៉ាស៊ីនដេរចាស់ៗត្រូវមានបំពង់ពន្លត់អគ្គិភ័យប្រភេទABC ៨Kg ចំនួន០២បំពង់ និងឡចំហាយត្រូវមានប្រភេទរទេះកង់រុញABCម្សៅស្ងួត៣៥Kg ចំនួន០២គ្រឿង។
៧. បន្ទប់ម៉ាស៊ីនភ្លើងបម្រុងត្រូវបំពាក់បាល់ឡុងស្វ័យប្រវត្តិចំនួន០២គ្រាប់ និងប្រភេទរទេះកង់រុញ Foam ថ្នាំពពុះ ចំណុះ ៣៥លីត្រ ចំនួន០១គ្រឿង។
៨. ត្រូវមានឯកសណ្ឋានពន្លត់អគ្គិភ័យចំនួន១០ឈុត និងគំនូសព្រួញរៀបចំធំហើយវែង៕