General Commissariat of National Police
.

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសាររំលែកទុក្ខជូន លោកជំទាវ ឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា ចំពោះមរណភាព សម្តេចចៅហ្វាវាំង គង់ សំអុល

Loading

រាជធានីភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ផ្ញើសាររំលែកទុក្ខជូន លោកជំទាវ ឧក៉ញា ធម្មាមង្គលមុនី ថាយ វ៉ា ចំពោះមរណភាព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលត្រូវជាស្វាមី។

សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានទទួលមរណភាព នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំក្រៃលែងនេះ សូមចូលរួមរំលែកទុក្ខ និងការស្តាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល គឺជាការបាត់បង់នូវ ស្វាមី និងឪពុក ដែលប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌គម្រូមួយរូប ចំពោះក្រុមគ្រួសារ ជាពិសេស គឺជាការបាត់បង់នូវធនធានមនុស្សមួយរូប ដែលពោរពេញដោយឆន្ទៈមនសិការ ក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងគ្រប់កាលៈទេសៈ។

ក្នុងខណៈវេលាដ៏ក្រៀមក្រំនេះ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ សូមលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនាចូលរួមរំលែកទុក្ខដោយក្តីក្រៀមកំបំផុតអំពីយើងខ្ញុំ៕