រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នេះ លោកឧត្តមសេនីយ៍ទោ សុខ សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ និងលោក អេរិក មេលឌ្រីម (Mr Eric Meldrum) នាយកគ្រប់គ្រងផ្នែកជួយសង្គ្រោះអេមស្វត បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីយុទ្ធវិធីប្រតិបត្តិការនិងការបាញ់គ្រាប់ពិត នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
ជាកិច្ចចាប់ផ្តើម លោក អេរិក មេលឌ្រីម (Mr Eric Meldrum) នាយកគ្រប់គ្រងផ្នែកជួយសង្គ្រោះអេមស្វត បានសម្តែងនូវសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនាពេលនេះ និងបានថ្លែងអំណរគុណដល់ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលតែងតែជួយសម្របសម្រួលរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង។ ជាមួយគ្នានោះ លោកក៏បានថ្លែងអំណរគុណដល់លោកគ្រូឧទ្ទេសទាំងអស់ ដែលបានចំណាយទាំងពេលវេលា និងកម្លាំងកាយចិត្តរួមទាំងធនធាន មកបង្ហាត់បង្ហាញដល់អស់លោកឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននាពេលនេះ។
លោក អេរិក មេលឌ្រីម (Mr Eric Meldrum) បានបន្តថាក្រោយបញ្ចប់វគ្គលោកជឿជាក់ថា សិក្ខាកាមទាំងអស់នឹងបានយល់ដឹងពីការចុះប្រតិបត្តិការអនុវត្តផ្ទាល់ ពិសេសការប្រមូលភស្តុតាង ការឆែកឆេរ និងការប្រើប្រាស់អាវុធ ព្រមទាំងការរៀបចំផែនការប្រកបដោយគុណភាពខ្ពស់ ហើយវគ្គបណ្តុះបណ្តាលនេះទៀតសោតនឹងអាចជួយឲ្យសិក្ខាកាមចេះការពារខ្លួន ការពារជនរងគ្រោះ ការពារមិត្តរួមការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសគឺបានផ្តល់នូវសុវត្ថិភាពទាំងអស់គ្នា។ លោកបន្តថា ប្រសិនបើមន្ត្រីនគរបាលចុះប្រតិបត្តិការប្រកបដោយក្រមសីលធម៌ខ្ពស់ ភាពថ្លៃថ្នូរ ធ្វើឲ្យសាធារណជនមើលឃើញថា មន្ត្រីនគរបាលធ្វើកិច្ចការប្រកបដោយវិជ្ជាជីវៈ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សុខ សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ជំនួសមុខឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ជីវ ផល្លី អគ្គស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានថ្លែងអំណរគុណដល់អង្គការអេមស្វត ជាពិសេសលោកគ្រូឧទ្ទេសទាំង៦រូប ដែលបានចំណាយទាំងពេលវេលា ទាំងធនធាន និងកម្លាំងកាយចិត្តចែករំលែកបទពិសោធន៍មកបង្ហាត់បង្ហាញដល់មន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឲ្យមានការយល់ដឹងពីយុទ្ធវិធីប្រតិបត្តិការ និងការបាញ់គ្រាប់ពិត ពិសេសសិក្ខាកាមចេះការពារខ្លួន ការពារជនរងគ្រោះ ការពារកន្លែងកើតហេតុ និងការពារមិត្តរួមការងារឲ្យមានសុវត្ថិភាព ចំណេះដឹងទាំងនេះនឹងត្រូវយកទៅអនុវត្តផ្ទាល់នៅពេលចុះបំពេញភារកិច្ចនៅពេលខាងមុខ។
លោកឧត្តមសេនីយ៍ទោប្រធាននាយកដ្ឋាន ក៏បានជំរុញឲ្យមន្ត្រីនគរបាលដែលជាសិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹងដែលបានរៀនសូត្រក្នុងវគ្គបណ្តុះបណ្តាលនេះទៅអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ទាំងការប្រើប្រាស់អាវុធ ការការពារពីជនសង្ស័យវាយប្រហារ ការការពារខ្លួនឯង និងការពារជនរងគ្រោះ។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលបណ្តាល ស្តីពីយុទ្ធវិធីប្រតិបត្តិការនិងការបាញ់គ្រាប់ពិត មានរយៈពេលចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៤ មិថុនា ដែលមានសិក្ខាកាមចូលរួមហ្វឹកហាត់ចំនួន២០នាក់ និងមានគ្រូបង្គោលដែលជាជនជាតិបរទេសចំនួន៦នាក់ មានបទពិសោធន៍ និងបច្ចេកទេសមកធ្វើការបង្ហាត់បង្រៀនដល់សិក្ខាកាមដោយផ្ទាល់៕