បន្ទាយមានជ័យ ខេត្តបាត់ដំបង និងប៉ៃលិន ៖ ថ្ងៃទី១៧-១៨-១៩ ខែសីហា ឆ្នាំ២០២៤ ដោយគោរពអនុវត្តនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ មេបញ្ជាការនគរបាលជាតិទិសភូមិភាគទី៣ ទី៤ និងទី៥ បានចង្អុលណែនាំ លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និងពង្រឹងការយកចិត្តទុកដាក់អនុវត្តកិច្ចការងារជំនាញនានា នៅតាមបណ្តាវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ លេខ៩១១ លេខ៨៩១ លេខ៨១៥ លេខ៨១៧ លេខ៨១៩ លេខ៨២១ លេខ៨២៣ និងលេខ៣១០ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចំណុះទិសភូមិភាគទី ៥ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងប៉ៃលិន។
លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត បានដឹកនាំកិច្ចប្រជុំជាមួយ ស្នងការរងទទួលផែន មេបញ្ជាការវរៈ មេបញ្ជាការរងវរៈ នាយផ្នែក នាយរងផ្នែក នាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ និងកម្លាំងទទួលផែនទាំងអស់នៃស្នងការដ្ឋាននគរបាលខេត្តនិមួយៗ។
លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត បានក្រើនរំលឹកនិងណែនាំពង្រឹងការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែន ក្នុងភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវ ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាប នូវរាល់បទល្មើសឆ្លងដែននានា រួមមានការរត់ពន្ធជួញដូរមនុស្សខុសច្បាប់ ការឆ្លងដែនខុសច្បាប់ ភេវរកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន ការជួញដូរអាវុធ ការកាប់បំផ្លាញព្រៃឈើ ជាដើម។
កម្លាំងទាំងអស់ត្រូវកសាងថែទាំជំរុំជំរក ថែទាំសុខភាពឱយបានល្អ បង្កើនការដាំដុះចិញ្ចឹមសត្វ ថែទាំសម្ភារៈឧបករណ៍មធ្យោបាយប្រើប្រាស់ សំអាតថែទាំអាវុធយុទ្ធភ័ណ្ឌដែលបានបំពាក់។
ក្នុងកិច្ចប្រជុំនោះលោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ក៏បានផ្តល់មតិណែនាំ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនផងដែរ។
ទន្ទឹមនោះដែរលោកឧត្តមសេនីយ៍ទោប្រធាននាយកដ្ឋាន និងក្រុមការងារក៏បានឈៀងចូលទៅពិនិត្យស្ថានភាពទូទៅជាក់ស្តែងនៃការឆ្លងដែនចេញ-ចូល របស់ពលករកម្ពុជា នៅតាមច្រកព្រំដែនបឹងត្រកួន ច្រកព្រំដែនជប់គគី ច្រកទ្វារអន្តរជាតិភ្នំដី និងច្រកទ្វារអន្តរជាតិដូង នៃខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ផងដែរ៕