បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ បានដាក់់ចេញនូវបទបញ្ជា ដល់កងកម្លាំងគ្រប់អង្គភាពចំណុះស្នងការដ្ឋាន ត្រូវរឹតបន្តឹង ការងារការពារ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណះ គ្រប់គោលដៅដែលខ្លួនទទួលខុសត្រូវ និងគោលដៅសំខាន់ៗ ត្រៀមលក្ខណះសម្បត្តិរួចរាល់ដើម្បីទប់ស្កាត់ក្រុមបង្កចលាចលសង្គម។
ការពង្រឹងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមគោលដៅមួយចំនួនគ្រប់ក្រុងស្រុក គឺលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ធ្វើឡើងដើម្បីការពារឱ្យបានដាច់ខាត រាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មិនអនុញាតិឱ្យជនណាមួយ ក្រុមណាមួយ ធ្វើការផ្តួលរំលំបានជាដាច់ខាត។
នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានបន្តឈរជើងតាមគោលដៅសំខាន់ៗ តាមដងផ្លូវជាតិ និងភូមិសាស្ត្រសំខាន់ៗក្នុងខេត្ត ដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះ ពិនិត្យមើលសភាពការណ៍ និងការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ។
គួរបញ្ជាក់ថា កម្លាំងនគរបាលទាំងអស់នេះ គឺប្រចាំការតាមគោលដៅ ២៤ ម៉ោង លើ ២៤ ម៉ោង ក្នុងទិសដៅរក្សាសន្តិសុខ សុវត្ថិភាពសង្គម រៀបចំសណ្ដាប់ធ្នាប់សាធារណៈ ពិសេសគឺត្រៀមបង្ការទប់ស្កាត់ និងបង្ក្រាបមិនឱ្យមានសកម្មភាពប្រមូលផ្ដុំបង្កចលាចល ឬអសន្តិសុខសង្គមនោះឡើយ ៕