រាជធានីភ្នំពេញ ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតឲ្យ លោក ភីធើរ វេ ណន នាយនគរបាលជាន់ខ្ពស់ ទទួលការងារទំនាក់ទំនងអន្តរជាតិ នៃទីភ្នាក់ងារជាតិប្រឆាំងឧក្រិដ្ឋកម្មអង់គ្លេស ទទួលបន្ទុកប្រទេសកម្ពុជា ចប់អាណត្តិ ចូលជួបសម្ដែងការគួរសម ជំរាបលា និងឧទ្ទេសនាម លោក រ៉បបឺត ហលណេស នាយនគរបាលជាន់ខ្ពស់ទទួលការងារទំនាក់ទំនងអន្តរជាតិ នៃទីភ្នាក់ងារជាតិប្រឆាំងឧក្រិដ្ឋកម្មអង់គ្លេស ទទួលបន្ទុកប្រទេសកម្ពុជា កាន់តំណែងថ្មី ។
ក្នុងជំនួបពិភាក្សាជាមួយ ប្រតិភូអគ្គស្នងការនគរបាលជាតិ ភាគីនគរបាលអង់គ្លេស លោក ភីធើរ វេ ណន នាយនគរបាលជាន់ខ្ពស់ ទទួលការងារទំនាក់ទំនង អន្តរជាតិ នៃទីភ្នាក់ងារជាតិប្រឆាំងឧក្រិដ្ឋកម្មអង់គ្លេស ទទួលបន្ទុកប្រទេសកម្ពុជា ចប់អាណត្តិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលកិច្ចសហប្រតិបត្តិការ និងសូមថ្លែងអំណរគុណដល់អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ដែលមាននាយកដ្ឋាន-អង្គភាពជំនាញ ជាពិសេសអង្គភាពនគរបាលអន្តរជាតិ ដែលតែងតែផ្ដល់កិច្ចសហប្រតិបត្តិការ សម្របសម្រួល ភ្ជាប់ទំនាក់ទំនងជូនតំណាងទីភ្នាក់ងារជាតិប្រឆាំងឧក្រិដ្ឋកម្មអង់គ្លេស បានបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងនាយកដ្ឋាន-អង្គភាពជំនាញ ចំណុះឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ សម្រេចបាននូវលទ្ធផលគួរឲ្យកត់សម្គាល់ ពាក់ព័ន្ធនឹងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែនគ្រប់ប្រភេទ។
ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ក្នុងនាម ឯកឧត្តម អគ្គស្នងការនគរបាលជាតិ បានស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អកន្លងមករវាងនគរបាលជាតិកម្ពុជា និងនគរបាលអង់គ្លេស។ ឯកឧត្តម ក៏បានបានកោតសរសើរ និងឯកភាពចំពោះការលើកឡើងរបស់តំណាងទីភ្នាក់ងារជាតិប្រឆាំងឧក្រិដ្ឋកម្មអង់គ្លេស និងបានបញ្ជាក់បន្ថែមអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ការជួយជ្រោមជ្រែងទៅលើមធ្យោបាយឧបករណ៍ សម្ភារៈ បច្ចេកទេស និងការបណ្ដុះបណ្ដាលកសាងសមត្ថភាពមន្ត្រី ផ្ដោតទៅលើមុខជំនាញសំខាន់ៗ ដែលបម្រើឲ្យកិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្ន។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរង ក៏បានស្នើដល់ភាគីអង់គ្លេស ឲ្យជួយធ្វើការចែករំលែកបទពិសោធន៍ និងរៀបចំវគ្គបណ្តុះបណ្តាលទាក់ទងនឹងបទល្មើសការប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងការប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីជាការពង្រឹងបន្ថែមក្នុងការបង្ក្រាបបទល្មើស។
ជាចុងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ សូមអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមក របស់លោក ភីធើរ វេ ណន នាយនគរបាលជាន់ខ្ពស់ទទួលការងារទំនាក់ទំនង អន្តរជាតិ នៃទីភ្នាក់ងារជាតិប្រឆាំងឧក្រិដ្ឋកម្មអង់គ្លេស ទទួលបន្ទុកប្រទេសកម្ពុជា ចប់អាណត្តិ និងសូមជូនពរ សម្រាប់ការបំពេញភារកិច្ចនៅកន្លែងថ្មី ជួបតែសេចក្ដីសុខ ទទួលបានជោគជ័យគ្រប់ភារកិច្ច ។ ហើយក្នុងនោះក៏សូមសំដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោក រ៉បបឺត ហលណេស នាយនគរបាលជាន់ខ្ពស់ទទួលការងារទំនាក់ទំនងអន្តរជាតិ នៃទីភ្នាក់ងារជាតិប្រឆាំងឧក្រិដ្ឋកម្មអង់គ្លេស ទទួលបន្ទុកប្រទេសកម្ពុជា កាន់តំណែងថ្មី ដែលមកបំពេញការងារឲ្យទទួលបានជោគជ័យ បង្កើនកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា និងទីភ្នាក់ងារជាតិប្រឆាំងឧក្រិដ្ឋកម្មអង់គ្លេស ប្រចាំប្រទេសកម្ពុជា ឲ្យកាន់តែទទួលបានផ្លែផ្កា និងរីកចម្រើនទៅមុខបន្ថែមទៀត៕