កំពង់ឆ្នាំង៖ ព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំលោក លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលក្រុង ស្រុកទាំង៨ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧១ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ដ ឯកឧត្តមប្រធានសាលាដំបូងខេត្ត លោក លោកស្រីអភិបាលរងខេត្ដ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក នាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំង៣ លោកអភិបាលក្រុង-ស្រុកទាំង៨ លោក លោកស្រីនាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខត្ត សរុបរួម ២៩៨ រូប ។
នៅក្នុងកម្មវិធីប្រជុំនេះដែរឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ជាប្រធានអង្គប្រជុំបានណែនាំ និងផ្ដាំផ្ញើក្រើនរំលឹក ដល់កងកម្លាំងប្រដាប់អាវុធទាំងបី និងមន្ត្រីរាជការស៊ីវិលទាំងអស់ យកចិត្តទុកដាក់ចូលរួមទប់ស្កាត់ឱ្យបានរាល់អំពើចោកម្ម ល្បែងស៊ីសងគ្រប់ប្រភេទ បញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀនព្រមទាំងបញ្ហាផ្សេងៗទៀតដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខមូលដ្ឋាន និងសង្គមជាតិ ពិសេសធ្វើយ៉ាងណាទប់ស្កាត់កុំឱ្យកើតមាននៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង និងរក្សាឲ្យបានសុខសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង ពិសេសការពារឲ្យបានដាច់ខាតពីពួកអមិត្តដែលចង់ផ្លូវរំលំរាជរដ្ឋាភិបាលស្របច្បាប់ ប្រសូតឡើងដោយការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវរបស់ប្រជាពលរដ្ឋ។
មិនតែប៉ុណ្ណោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានប្រកាសគាំទ្រយ៉ាងពេញទំហឹង និងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតគម្រោងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម ឬហៅកាត់ថា CLV-DTA៕