General Commissariat of National Police
.

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ប្រកាសចាត់វិធានការម៉ឺងម៉ាត់ ចំពោះបុគ្គល ឬក្រុមទាំងឡាយណា ដែលមានគោលបំណងធ្វើកុបកម្មខុសច្បាប់ ដោយគ្មានការលើកលែងឡើយ

Loading

រាជធានីភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ បានប្រកាសចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះបុគ្គល ឬក្រុមទាំងឡាយណា ដែលមានគោលបំណងធ្វើកុបកម្មខុសច្បាប់ ដោយគ្មានការលើកលែងឡើយ។

ការប្រកាសរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានធ្វើឡើងបន្ទាប់ពីមានក្រុមប្រឆាំងជ្រុលនិយមមួយចំនួន គ្រោងធ្វើកុបកម្មដោយខុសច្បាប់ នៅមុខព្រះបរមរាជរាំង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។ កុបកម្មនេះ គ្រោងធ្វើឡើងក៏ព្រោះតែមានការបំភ្លៃថា គម្រោងអភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ដែលកម្ពុជាមាន ៤ខេត្ត ជាគម្រោងកាត់ដីឲ្យប្រទេសដទៃ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នារសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់យ៉ាងដូច្នេះថា «ដូច្នេះនៅទីនេះ ថ្នាក់ដឹកនាំនៅខាងក្រោយទាំងអស់នេះ គឺសុទ្ធតែជាអ្នកដែលទទួលខុសត្រូវ​ ខាងផ្នែកសន្តិសុខជាតិ យើងមិនត្រូវនៅស្ងៀម យើងមិនត្រូវអព្យាក្រឹត្យ យើងត្រូវតែគាំទ្រ ការពារដាច់ខាតនូវរាជរដ្ឋាភិបាលស្របច្បាប់ នូវរដ្ឋធម្មនុញ្ញ នូវសន្តិភាព និងសមិទ្ធផលនានានៅក្នុងប្រទេសកម្ពុជារបស់យើង»។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានបន្តថា «នេះយើងត្រូវច្បាស់ទាំងអស់គ្នា មិនមែនគំរាមទេ ក៏ប៉ុន្តែយើងត្រូវធ្វើការបញ្ជាក់ជូននូវអ្វីដែលបងប្អូនយើងមួយចំនួនធំមិនទាន់ច្បាស់ ឬក៏មិនទាន់បានគិតគ្រប់ជ្រុងជ្រោយ សុំឲ្យមកចូលរួមជាមួយរាជរដ្ឋាភិបាលរបស់យើង ក្នុងការអភិវឌ្ឍប្រទេសរបស់យើងនាពេលបច្ចុប្បន្ន ឲ្យកាន់តែមានការរីកចម្រើន។ គោលបំណង ល្បិចកលរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដើម្បីប្រមែប្រមូលកម្លាំងធ្វើកុបកម្មនោះ ជាអំពើខុសច្បាប់ធ្ងន់ធ្ងរ ដែលយើងជាកម្លាំងនគរបាលជាតិ មិនអនុញ្ញាតដាច់ខាត។ នេះត្រូវចាំឲ្យច្បាស់ អំពីជំហរប្តេជ្ញាចិត្ត ពីព្រោះកងកម្លាំងប្រដាប់អាវុធ គឺជាឧបករណ៍របស់រដ្ឋ យើងត្រូវតែការពាររដ្ឋដាច់ខាត គ្មាននរណាអាចមកបំផ្លេចបំផ្លាញបាន តាមបែបមិនប្រជាធិបតេយ្យបានទេ»។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានបញ្ជាក់ជំហររបស់កម្លាំងនគរបាលជាតិ ក្នុងការគាំទ្ររាជរដ្ឋាភិបាល និងកម្ចាត់ក្រុមប្រឆាំងជ្រុលនិយមផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានអំពាវនាវដល់ឪពុកម្តាយ អាណាព្យាបាលរបស់ក្រុមក្មេងៗ ឬអ្នកចូលរួមតាមការអំពាវនាវរបស់ក្រុមប្រឆាំង ឱ្យធ្វើការអប់រំកូនចៅ សមាជិកខ្លួន ឱ្យចាកចេញពីក្រុមឧទ្ទាមនេះ ដើម្បីគេចផុតពីសំណាញ់ច្បាប់។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាអ្នកផ្តួចផ្តើមបង្កើតគម្រោងអភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនបានដាក់ដីរបស់ ៤ខេត្ត រតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ទៅក្នុងការអភិវឌ្ឍរួម ឬរកស៉ីចូលហ៊ុនគ្នានោះទេ គឺធ្វើក្នុងកម្រិតកិច្ចសហប្រតិបត្តិការប៉ុណ្ណោះ។

តាមរយៈសារសំឡេងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន ក្រៅពីពន្យល់បន្ថែមពាក់ព័ន្ធកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ហើយនោះ បានបញ្ជាក់អំពីវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះជនទាំងឡាយណាដែលចង់បង្កអសន្ដិសុខ បំផ្លាញសន្ដិភាព តាមរយៈការធ្វើកុបកម្មដោយខុសច្បាប់។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន គ្រប់បណ្ដាប្រទេសនៅលើពិភពលោក គ្មានប្រទេសណាមួយដែលមិនចាត់វិធានការចំពោះក្រុមដែលធ្វើកុបកម្មដោយខុសច្បាប់នោះឡើយ ពោលសូម្បីតែនៅប្រទេសអង់គ្លេស ក៏រដ្ឋាភិបាលប្រទេសនោះប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ដូច្នេះកម្ពុជាក៏នឹងប្រើប្រាស់វិធានការច្បាប់ដូចទៅនឹងបណ្ដាប្រទេសនានាផងដែរ៕