General Commissariat of National Police
.

សេចក្តីបំភ្លឺព័ត៌មាន! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល

Loading

កណ្តាល៖ សេចក្តីបំភ្លឺព័ត៌មាន! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺ ជូនសាធារណជនទៅនឹងគេហទំព័រ សាន្តព្រហ្ម ដែលបានបង្ហោះវីដេអូ ធ្វើកិច្ចសម្ភាសន៍មានខ្លឹមសារថា៖ បាត់ខ្លួនចេញពីផ្ទះ៣ថ្ងៃស្រាប់តែខលមកប្រាប់ប្រពន្ធកូនថា សូមកូនយកបាយឱ្យឪពុកហូប និងទិញថ្នាំឱ្យឪពុកលេបផងព្រោះថា ពេលនេះឪពុកកំពុងតែដេកឈឺ នៅក្នុងគុកប្រពន្ធកូនឮហើយស្ទើរតែគាំងបេះដូង។

ក្រោយពីទទួលបានព័ត៌មានខាងលើរួច ដោយអនុវត្តតាមបទបញ្ជា លោកឧត្តមសេនិយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត លោកវរសេនិយ៍ឯក សុីម ឃាង អធិការ នៃអធិការដ្ឋាននគរបាលស្រុកកកោះធំ បានបញ្ជាដឹកនាំផ្នែកជំនាញស្រុកកោះធំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះធំ(ក) ចុះធ្វើការស្រាវជ្រាវករណីខាងលើនេះ ស្ថិតនៅភូមិកណ្តាលកោះធំ ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្តាល ជាលទ្ធផល៖

នៅក្នុងអំឡុងឆ្នាំ២០១៣ ឈ្មោះ ភឺន ផល្លា បានឱ្យឈ្មោះ ម៉ាង សុវណ្ណតារា ,ឈ្មោះ លីវ ស៊ាវ ,ឈ្មោះ ជា ចេង និងឈ្មោះ ខូយ ភោគ ដើរប្រមូលទិញដីពីប្រជាពលរដ្ឋរស់នៅឃុំលើកដែក និងឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។ ចាប់ពីពេលនោះមកឈ្មោះ ម៉ាង សុវណ្ណាតារា,ឈ្មោះ លីវ ស៊ាវ ,ឈ្មោះ ជា ចេង និងឈ្មោះ ខូយ ភោគ បានដើរទិញដីពីប្រជាពលរដ្ឋជាច្រើនគ្រួសារ បានចំនួន ២,០០០ ហិកតា ស្ថិតនៅភូមិព្រែកតារត្ន័,ភូមិព្រែកខ្នាច,ភូមិទួលស្លែង,ភូមិពាមផ្ទោលលិច,ភូមិឃ្លាំងកើត ឃុំពោធិបាន,ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ដោយប្រគល់ប្រាក់គ្រប់ចំនួនទៅឱ្យម្ចាស់ដីនីមួយៗហើយម្ចាស់ក៍បានធ្វើលិខិតទិញ.លក់ដីរបស់ពួកគាត់ទៅឱ្យឈ្មោះ ភឺន ផល្លា ដោយមានការទទួលស្គាល់ពីអាជ្ញាធរភូមិ.ឃុំ ហើយឈ្មោះ ភឺន ផល្លា ក៍បានគ្រប់គ្រងថែរក្សាលើដីនោះរហូតមក។ ក្រោយមកឈ្មោះ ភឺន ផល្លា បានដាក់ពាក្យស្នើសុំចុះបញ្ជីកាន់កាប់ដីដោយស្របច្បាប់ នៅមន្ទីររៀបចំដែនដីនគរូបនីកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល។

រហូតដល់ថ្ងៃទី០១ ខែវិច្ចិកា ឆ្នាំ២០២៣ ខាងមន្ទីរក៏បានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥០ប័ណ្ណ ចុះហត្ថលេខាដោយលោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបន័យកម្មសំណង់ និងសុរិយោដីខេត្តកណ្តាល ជូនឈ្មោះ ភឺន ផល្លា ជាម្ចាស់កម្មសិទ្ធគ្រប់គ្រងដោយស្របច្បាប់។ លុះនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ស្រាប់តែឈ្មោះ ទន់ សំណាង និងឈ្មោះ សុិន ដារ៉ាវុទ្ធ និងបក្ខពួកបាននាំគ្នាទៅបោះបង្គោលលើកផ្លាកដោយបានសរសេរអក្សរថា (សេចក្តីជូនដំណឹងយើងខ្ញុំជាប្រជាពលរដ្ឋ០៧ភូមិ ក្នុងឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្តាល ជាម្ចាស់ដីអាស្រ័យផល នៅមូលដ្ឋានខាងលើស្របច្បាប់ ដីប្រមាណចំនួន ៧០០ហិកតា តាំងពីឆ្នាំ១៩៨២ សូមជម្រាបដល់មហាជនថ្នាក់ដឹកនាំខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ ភូមិ និងក្រុមហ៊ុននានាថា ផ្ទៃដីប្រមាណចំនួន ៧០០ហិកតា ចាប់ពីប្រឡាយ៣៨ ដល់៤១។ ដោយមួយរយៈក្រោយមកមានបញ្ហាជាច្រើនក្នុងការអះអាងជាម្ចាស់កម្មសិទ្ធដីខាងលើ ដោយមិនមានឯកសារឬការឯកភាពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើឡើយ។ ដូចនេះចាប់ពីថ្ងៃជូនដំណឹងនេះតទៅយើងខ្ញុំប្រជាជនទាំង៧ភូមិក្នុងឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្តាល និងចូលកាន់កាប់អាស្រ័យផលចាប់ពីពេលនេះតទៅ តាមការបែងចែកជាក់ស្តែង)។

រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ លោក ភឺន ផល្លា បានចាត់ឱ្យឈ្មោះ ម៉ាង សុវណ្ណតារា ដឹកនាំក្រុមការងារដើម្បីឈូសឆាយ និងសម្អាតដីនៅលើទីតាំងដី ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ 08040808-0020 ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅភូមិព្រែកតារត្ន័ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ស្រាប់តែមានឈ្មោះ ទន់ សំណាង និងឈ្មោះ សុិន ដារ៉ាវុទ្ធ ព្រមទាំងបក្ខពួកបាននាំគ្នាដឹកនាំក្រុមអាណាធិបតេយ្យប្រមាណ៣០នាក់ ដោយក្នុងដៃម្នាក់ៗមានកាន់កាំបិតផ្គាក់,កាំបិតខ្វាវ,កណ្តៀវ ដើរសំដៅមករករឿងឈ្មោះ ម៉ាង សុវណ្ណតារា និងក្រុមការងារ នៅក្នុងទីតាំងដីខាងលើដោយឈ្មោះ ទន់ សំណាង និងឈ្មោះ សុិន ដារ៉ាវុទ្ធ និយាយថា ដីនេះជាដីរបស់ពួកគាត់។ បន្ទាប់មកឈ្មោះ ម៉ាង សុវណ្ណតារា តំណាងឱ្យខាងក្រុមហ៊ុនគាត់បានទៅដាក់ពាក្យបណ្តឹងនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្តឹងពីឈ្មោះ ទន់ សំណាង និងឈ្មោះ សុិន ដារ៉ាវុទ្ធ ហើយនិងបក្ខពួកជាច្រើននាក់ទៀត។

លុះមកដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចេញលិខិតលេខ៣៧០៧,៣៧០៨ ល.ក.ហ កោះហៅ ឈ្មោះ ទន់ សំណាង និងឈ្មោះ សុិន ដារ៉ាវុទ្ធ ឱ្យទៅបំភ្លឺនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០៩.០០នាទី តាមបណ្តឹងរបស់ឈ្មោះ ម៉ាង សុវណ្ណតារា ករណី ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត។

បន្ទាប់មកកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនសុំណុំរឿង និងឃាត់ខ្លួនឈ្មោះ ទន់ សំណាង និងឈ្មោះ សុិន ដារ៉ាវុទ្ធ បញ្ជូនខ្លួនមកកាន់សាលាដំបូងខេត្តកណ្តាល ឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តណ្តាល។

អាស្រ័យហេតុនេះសូមសាធារណជនជ្រាបជាព័ត៌មាន និងកុំមានការភាន់ច្រឡំ៕