General Commissariat of National Police
.

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំបង្ក្រាបករណីឃាតកម្ម នៅក្រុងព្រះសីហនុ, ជនដៃដល់ត្រូវបានចាប់ខ្លួននៅខេត្តសៀមរាប

Loading

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នៅវេលាម៉ោង១៖៣០នាទីរំលងអធ្រាត្រ មានករណីមនុស្សស្លាប់ នៅចំណុចផ្ទះសំណាក់ សុវណ្ណារីសត ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដែលបង្កឡើងដោយ ជនសង្ស័យឈ្មោះ ពន្លឺ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ជាកម្មករផ្ទះសំណាក់ខាងលើ ។ ជនរងគ្រោះមានឈ្មោះ ថ្លាង ម៉េងលី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមេការនៅផ្ទះសំណាក់ខាងលើ។

ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការ ជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ និងខេត្តសៀមរាប ធ្វើការស្រាវជ្រាវតាមនីតិវិធីយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានទីតាំងលាក់ខ្លួន របស់ជនសង្ស័យខាងលើ។

លុះនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៣ និង៣៥នាទី កម្លាំងជំនាញបន្តដឹកនាំសហការដោយ ឃាត់ខ្លួនបានជនសង្ស័យខាងលើ មានឈ្មោះ លុន ភាពន្លឺ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចផ្ទះសំណាក់ ប៊ុនសាយ មណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា កាលពីថ្ងៃកើតហេតុខ្លួន និងជនរងគ្រោះបានឈ្លោះប្រកែកគ្នា ពីបញ្ហារឿងរៀបចំការងារក្នុងផ្ទះសំណាក់ បន្ទាប់មកពេល ដែលជនរងគ្រោះបែរខ្នងចេញ ខ្លួនក៏បានទាញញញួរ វាយចំក្បាលផ្នែកខាងក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីប្រគល់ ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជាម្ចាស់ករណី កសាងសំណុំរឿងតាមនីតិវិធីបន្ត៕