រាជធានីភំ្នពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកសាររំលែកទុក្ខ ព្រមទាំងបច្ច័យជូនគ្រួសារសព លោកជំទាវធម្មសទ្ធាភីរ័ក្ខសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន នៅគេហដ្ឋាននៃសព សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។តាងនាមកងកម្លាំងនគរបាលជាតិ និងក្នុងនាមឯកឧត្តមផ្ទាល់ មានសេចក្ដីក្តុកក្តួលសោកស្តាយជាអនក ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំអំពីមរណភាពរបស់ លោកជំទាវធម្មសទ្ធាភីរ័ក្ខសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន កាលពីថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ លោកជំទាវធម្មសទ្ធាភីរ័ក្ខសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន គឺជាការបាត់បង់នូវភរិយា ម្តាយ ម្តាយក្មេក និងជីដូនជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្ម វិហារធម៌ ដែលបានខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គចិញ្ចឹមបីបាច់ថែរក្សា និងអប់រំណែនាំផ្ដល់ដំបូន្មានធ្វើឱ្យ កូន-ចៅបានក្លាយជាបញ្ញវន្ត និងជាថ្នាក់ដឹកនាំ ដែលមានស្នាដៃក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ។ ម្យ៉ាងវិញទៀតមរណភាពរបស់ លោកជំទាវធម្មសទ្ធាភីរ័ក្ខសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ក៏ជាការបាត់បង់នូវពុទ្ធសាសនិកដ៏គំរូ ដែលតែងតែជួយគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ សម្រាប់ទុកជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ និងសង្គមជាតិ។
ស្ថិតក្នុងពេលវេលាដ៏សែនក្រៀមក្រំសោកសង្រេងនេះ ក្នុងនាមកងកម្លាំងនគរបាលជាតិ និងក្នុងនាម ឯកឧត្តមផ្ទាល់ សូមចូលរួមសម្តែងនូវសមានទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូមបួងសួងឧទ្ទិស ដល់គុណបុណ្យព្រះរតនត្រ័យ ជួយយិតយោងដួងវិញ្ញាណក្ខន្ធរបស់ លោកជំទាវធម្មសទ្ធាភីរ័ក្ខសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន សូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ បាននាំយកសាររំលែកទុក្ខ និងបច្ច័យចំនួន ២.០០០.០០០ រៀល (ពីរលានរៀល) របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ប្រគល់ជូនក្រុមគ្រួសារសព និងបានចុះហត្ថលេខាលើសៀវភៅក្រាំងមាសទុកជាកិច្ចចុងក្រោយ នៃពិធីគោរពវិញ្ញាណក្ខន្ធ៕