General Commissariat of National Police
.

គណៈប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សុខ មុនី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ

Loading

កណ្តាល ៖ នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកសាររំលែកទុក្ខ ព្រមទាំងបច្ច័យជូនគ្រួសារសព ឯកឧត្តម សុខ មុនី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅគេហដ្ឋាន ផ្លូវលេខ៣៨១ ភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

តាងនាមកងកម្លាំងនគរបាលជាតិ និងក្នុងនាមឯកឧត្តមផ្ទាល់ មានសេចក្ដីក្តុកក្តួលសោកស្តាយជាអនេក ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំអំពីមរណភាពរបស់ ឯកឧត្តម សុខ មុនី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ក្នុងជន្មាយុ៥៦ឆ្នាំ ដោយរោគាពាធ។
យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវក្តីសោកស្តាយស្រណោះអាឡោះអាល័យយ៉ាងក្រៃលែង ចំពោះការបាត់បង់រូប ឯកឧត្តម សុខ មុនី ដែលជាស្វាមី ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រលាញ់ ប្រកបដោយ ព្រហ្មវិហារធម៌ ជាកុលបុត្រខ្មែរ និងជាឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ដែលបានធ្វើពលិកម្មសព្វបែបយ៉ាង តស៊ូយ៉ាងសកម្ម ប្រកបដោយស្វាមីភក្តិក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ អស់រយៈពេលជាច្រើនទសវត្ស រហូតដល់អវសាននៃជីវិត។ ទោះបីរូបកាយបានឃ្លាតចាកពីលោកយើងទៅមែនពិត ប៉ុន្តែ ឯកឧត្តម បានកសាងនូវស្នាដៃជាច្រើនរាប់មិនអស់សម្រាប់ប្រទេសជាតិ បន្សល់ទុកនូវកេរ្តិ៍ឈ្មោះ កិត្តិយសដ៏ឧត្តុង្គឧត្ដមដក់ជាប់ក្នុងដួងចិត្តរបស់យើងខ្ញុំទាំងអស់គ្នា មិនអាចបំភ្លេចបានឡើយ។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ បាននាំយកសាររំលែកទុក្ខ និងបច្ច័យចំនួន ៣.០០០.០០០ រៀល (បីលានរៀល) របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ប្រគល់ជូនក្រុមគ្រួសារសព និងបានចុះហត្ថលេខាលើសៀវភៅក្រាំងមាសទុកជាកិច្ចចុងក្រោយ នៃពិធីគោរពវិញ្ញាណក្ខន្ធ។

ស្ថិតក្នុងពេលវេលាដ៏សែនក្រៀមក្រំសោកសង្រេងនេះ ក្នុងនាមកងកម្លាំងនគរបាលជាតិ និងក្នុងនាមឯកឧត្តមផ្ទាល់ សូមចូលរួមសម្ដែងនូវសមានទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូមបួងសួងឧទ្ទិស ដល់គុណបុណ្យព្រះរតនត្រ័យជួយយិតយោងដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម សុខ មុនី សូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕