ZURICH, ថ្ងៃទី 30 ខែធ្នូ (Reuters) – នៅថ្ងៃចន្ទ ប្រធានអង្គការសុខភាពពិភពលោក បានអំពាវនាវឱ្យបញ្ចប់ ការវាយប្រហារទៅលើមន្ទីរពេទ្យក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីអ៊ីស្រាអែលបានវាយប្រហារទៅលើមន្ទីរពេទ្យ០១ និងវាយឆ្មក់ទៅលើមន្ទីរពេទ្យ០១ផ្សេងទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាននិយាយនៅក្នុងសារបង្ហោះនៅលើ បណ្តាញសង្គម X ថា “មន្ទីរពេទ្យក្នុងតំបន់ហ្គាហ្សាបានក្លាយជាសមរភូមិជាថ្មីម្តងទៀត ហើយប្រព័ន្ធសុខា ភិបាលកំពុងស្ថិតនៅក្រោមការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ”។
លោកបានបន្ថែមថា “យើងនិយាយម្តងទៀត៖ បញ្ឈប់ការវាយប្រហារលើមន្ទីរពេទ្យ។ ប្រជាជននៅតំបន់ ហ្គាហ្សាត្រូវការសិទ្ធិទទួលបានការថែទាំសុខភាព។ បុគ្គលិកមនុស្សធម៌ត្រូវចូលដល់ទីនោះដើម្បីផ្តល់ជំនួយ សុខភាព។ សូមឱ្យមានបទឈប់បាញ់!”។
យោធាអ៊ីស្រាអែលបាននិយាយថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់ គឺជាគោលដៅនៃការវាយប្រហារទៅលើមន្ទីរ ពេទ្យ Al Wafa នៃទីក្រុងហ្គាហ្សា កាលពីថ្ងៃអាទិត្យ ដោយកងការពារជនស៊ីវិលប៉ាឡេស្ទីនបាននិយាយថា បានសម្លាប់មនុស្ស០៧នាក់។
កាលពីថ្ងៃសុក្រ កងកម្លាំងអ៊ីស្រាអែលក៏បានឃាត់ខ្លួនជនជាតិប៉ាឡេស្ទីនជាង ២៤០ នាក់ រួមទាំងបុគ្គលិក ពេទ្យរាប់សិបនាក់របស់មន្ទីរពេទ្យ Kamal Adwan ក្នុងចំណោមនោះក៏មាន ប្រធានមន្ទីរពេទ្យលោក Hussam Abu Safiya ផងដែរ នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ និងយោធាអ៊ីស្រាអែល។