General Commissariat of National Police
.

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ: ម្ចាស់ក្រុមហ៊ុនត្រូវអនុវត្តកាតព្វកិច្ច និងការទទួលខុសត្រូវ លើសារធាតុគីមីផ្សំ

Loading

រាជធានីភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លៃងបែបនេះក្នុងពិធី បិទសិក្ខាសាលាស្តីពី ការពង្រឹងប្រសិទ្ធភាពការផ្លាស់ប្តូរព័ត៌មានទាក់ទង នឹងការគ្រប់គ្រងសារធាតុគីមីផ្សំ ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នាទីស្តីការក្រសួងមហាផ្ទៃ។

លោក ស៊ូប៉ាផាត់ ហ៊ីបឱសថ អគ្គទីប្រឹក្សាអមស្ថានទូតថៃប្រចាំកម្ពុជា ទទួលបន្ទុកការងារគ្រឿង ញៀនបានថ្លែងអំណរគុណដល់ភាគីកម្ពុជា ដែលបានសហការជាមួយ ភាគីថៃលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ឆ្លងកាត់ព្រំដែននិងត្រួតពិនិត្យសារធាតុគីមី។

ក្នុងនាម ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿនឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័ន អង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងអនុវត្តនូវតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ ខ្ពស់លើការងារគ្រប់គ្រង ត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ។

ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងបន្តថា អនុវត្តតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញនូវសេចក្តីណែនាំ និងបទបញ្ជាពាក់ព័ន្ធនានាក្នុងនោះ បានបង្កើតនូវក្រុមការងារអន្តរក្រសួង ត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រង ត្រួតពិនិត្យលើការស្នើសុំនាំចេញនាំចូល ការដឹកជញ្ជូន ការចែកចាយ ការប្រើប្រាស់ និងការរក្សាទុកសារធាតុញៀននិងសារធាតុគីមីផ្សំ សំដៅរួមគ្នាបង្ការទប់ស្កាត់ ការលួចបង្វែរពីជំនួញស្របច្បាប់ យកទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា។

ជាមួយនេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានណែនាំដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តកាតព្វកិច្ច ទទួលខុសត្រូវស្របតាមនិយាម ប្រតិបត្តិ លក្ខណបច្ចេកទេស  :
១.ការស្នើសុំនាំចូល ការគ្រប់គ្រង ការចែកចាយ ប្រើប្រាស់ និងការរក្សាទុកសារធាតុគីមីផ្សំ
២- ត្រូវរៀបចំឱ្យមានអ្នកជំនាញបច្ចេកទេសផែ្នកគីមី សម្រាប់គ្រប់គ្រង និងបញ្ជាការប្រើប្រាស់សម្រាប់ចង្វាក់ផលិតកម្មរបស់ខ្លួន។
៣-ត្រូវមានឃ្លាំងរក្សាទុកសារធាតុគីមីផ្សំ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងត្រូវញែកដាច់ដោយឡែកពីគ្នា រវាងសារធាតុគីមីផ្សំ គ្រឿងញៀន និងសារធាតុគីមីផ្សំទូទៅ។
៤-ត្រូវមានការកត់ត្រាច្បាស់លាស់ ពីបរិមាណនាំចូល ប្រើប្រាស់ និងសន្និធិសារធាតុគីមីផ្សំដើម្បីងាយស្រួលធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់។
៥-ត្រូវមានរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ អំពីការទិញលក់ និងការប្រើប្រាស់សារធាតុគីមីផ្សំ ផ្ញើមកលេខាធិការដ្ឋាននៃ ក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ និងក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ។
៦-ត្រូវចូលរួមសហការ និងផ្លាស់ប្តូរព័ត៌មានជាប្រចាំជាមួយស្ថាប័ន អង្គភាពអនុវត្តច្បាប់ អំពីការនាំចូល ការដឹកជញ្ជូន ការចែកចាយ និងការប្រើប្រាស់សារធាតុគីមីផ្សំរបស់ក្រុមហ៊ុន រោងចក្រ សហគ្រាស៕