ខេត្តតាកែវ ៖ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត មានរៀបចំពិធី”សំណេះសំណាល បិទវគ្គបណ្តុះបណ្តាលបំប៉នជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត” ក្រោមអធិបតី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការចូលរួមពីៈ លោកវរសេនីយ៍ ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យជំនាញ លោក លោកស្រី នាយ នាយរងផ្នែ និងមន្រ្តីការិយាល័យ លោកអធិការរង លោកនាយផ្នែក តាមបណ្តាក្រុង-ស្រុក និងលោកនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តសរុបចំនួន១៧៥នាក់ ស្រីចំនួន១៣នាក់។
មានមតិសំណេះសំណាលក្នុងពិធីបិទវគ្គបំប៉នជំនាញដល់មន្រ្តីនគរបាលនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បានផ្តាំផ្ញើ និងសូមកោតសរសើរចំពោះសិក្ខាកាមទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមវគ្គសិក្សាខ្លីក្នុងថ្ងៃនេះត្រូវតែយកចិត្តទុកដាក់ខិតខំត្រងត្រាប់ស្តាប់ និងអនុវត្តជំនាញ ដើម្បីក្រេបជញ្ជក់នូវបទពិសោធ ការបង្ហាញរបស់ លោកគ្រូឧន្ទេសនាម ក៏ដូចជាមន្រ្តីបច្ចេកទេស យកទៅអនុវត្តឲ្យចំទិសដៅ និងមានប្រសិទ្ធភាពលើការងារជំនាញប្រចាំថ្ងៃ ទទួលបានជោគជ័យក្នុងវគ្គសិក្សានេះផងដែរ៕