ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៩ និង៤៥នាទី នៅចំណុចក្រុមទី១០ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីលួច (ម៉ូតូ និងរទេះអូស) មួយកើតឡើង ប្រព្រឹត្តឡើងដោយជនសង្ស័យឈ្មោះ ខុំ ពេជ្រចារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅខេត្តឧត្តមានជ័យ មុខរបរមិនពិតប្រាកដ បានធ្វើសកម្មភាពលួចម៉ូតូ និងរទេះអូស របស់ជនរងគ្រោះឈ្មោះ សាំង មាន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរធ្វើចំការ នៅខណៈពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាពលួចម៉ូតូសន្តោងរទេះ ដែលជនរងគ្រោះចតនៅចិញ្ចើមផ្លូវភ្លេចដកសោរ ហើយត្រូវបានប្រជាពលរដ្ឋដេញចាប់ប្រផាប់ប្រភីង រហូតដល់ចំណុចភូមិតាំងយូ ឃុំអូដារ ស្រុកកំរៀង ខេត្តបាត់ដំបង រួចរាយការដល់សមត្ថកិច្ចស្រុកភ្នំព្រឹក ។
ក្រោយពីទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដឹកនាំដោយលោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកភ្នំព្រឹក បានចុះធ្វើការឃាត់នាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ខុំ ពេជ្រចារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅខេត្តឧត្តមានជ័យ មុខរបរ មិនពិតប្រាកដ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ។
ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួច ម៉ូតូ និងរទេះអូស របស់ជនរងគ្រោះពិតប្រាកដមែន ។ វត្ថុតាងដកហូតបានរួមមាន ៖
-ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ឆ្នាំ២០០៨ ពាក់ស្លាកលេខ ក្រ.ព្រះសីហនុ1A-9716
-រទេះអូស ចំនួន០១ ។
ករណីនេះ ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលស្រុកភ្នំព្រឹក សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕