រាជធានីភ្នំពេញ ៖ នៅថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជា ប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ (បសប.ហភ) បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ខែមករា ឆ្នាំ២០២៥ ជាមួយក្រុមប្រតិបត្តិការផ្ទាល់ នៃក្រុមការងារ បសប.ហភ ដោយមានការចូលរួមពី ប្រធាន អនុប្រធាន និងសមាជិក នៃក្រុមប្រតិបត្តិការផ្ទាល់ សរុបចំនួន ៣០រូប។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជា ប្រធានក្រុមការងារ បសប.ហភ បានផ្សព្វផ្សាយ និងណែនាំដល់មន្ត្រីនគរបាលជាតិ នៃក្រុមប្រតិបត្តិការផ្ទាល់ បន្តវគ្គបណ្តុះបណ្តាលដល់នាយកដ្ឋានជំនាញ ដើម្បីពង្រឹងបន្ថែមលើការងារសម្អាតប្រាក់។ ឆ្លៀតឱកាសនេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានជូនពរដល់សមាជិកក្រុមប្រតិបត្តិការផ្ទាល់ទាំងអស់ ក្នុងឱកាសឆ្នាំថ្មី៕