General Commissariat of National Police
.

កិច្ចប្រជុំបូកសរុបលទ្ធផល កិច្ចសហប្រ​តិបត្តិការបង្ការ ទប់ស្កាត់​បង្ក្រាបបទល្មើស និងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមតំបន់ព្រំដែន ប្រចាំឆ្នាំ​២០២៤ និងលើកទិសដៅកិច្ចសហប្រ​តិបត្តិការ ឆមាសទី១ ឆ្នាំ២០២៥ រវាងស្នងការដ្ឋាននគរ​បាលខេត្ត​មណ្ឌលគិរី និងស្នងការដ្ឋាននគរបាលខេត្ត​ក្រចេះ (កម្ពុជា) ជា​មួយ​ស្នងការដ្ឋាននគរបាលខេត្តប៊ិញភឿក សារធារណរដ្ឋសង្គមនិយម​(វៀតណាម)

Loading

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំ​រោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ២០២៤ គណ:ប្រតិភូ នៃស្នង​ការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរ​បាលខេត្តមណ្ឌលគិរី ជាប្រធានគណ:ប្រតិភូ និងស្នងការដ្ឋាននគរបាលខេត្តក្រចេះ ជាប្រជាប្រធា​នគណ:ប្រតិភូដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ និងប្រតិភូអមដំណើរ បានដឹកនាំគណ:ប្រតិភូអញ្ជើញចូល​រួម​ក្នុងកិច្ចប្រ​ជុំកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់​ធ្នាប់នៅតាមខ្សែ​បន្ទាត់ព្រំដែន ប្រ​ចាំឆ្នាំ២០២៤ និងលើក​ទិ​សដៅកិច្ចសហប្រតិបត្តិការ ឆ្នាំ២០​២៥ រវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌល​គិរី ព្រមទាំងស្នងការដ្ឋាននគរបាលខេត្តក្រចេះ (កម្ពុជា) ជាមួយស្នង​ការដ្ឋាននគរ​បាល​ខេត្តប៊ិញភឿក សាធារណរដ្ឋ​សង្គមនិ​យម​(វៀតណាម)។

-ភាគីកម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ព្រមទាំងលោក លោកស្រីស្នង​ការរង លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ​៦២១ លោកអធិការអធិការរង ព្រមទាំងសមាជិគប្រតិភូអមដំណើរជាច្រើនរូបទៀត។ 

-ភាគីវៀតណាម ដឹកនាំដោយលោក វរសេនី​យ៍ឯក ប៊ួយ ស៊ុនថាំង ស្នង​កា​រ​នគរបាល ខេត្តប៊ិញភឿក សាធា​រណរ​ដ្ឋសង្គម​និយម វៀតណាម​

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគ​រ​បាលខេត្ត លោកបានលើកសំណូមពរសុំឱ្យខាងភាគីវៀតណាម ជួយសហការទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆ្លងដែនចេញ​ចូលខុសច្បាប់គ្រប់ប្រភេទ បទ​ល្មើស​គ្រឿងញៀនគ្រប់ប្រភេទ នៅតាមខ្សែ​បន្ទាត់​ព្រំដែនកម្ពុជា-វៀតណាម។ សុំឱ្យខាងភាគីវៀតណាមបន្តសហការគ្នាបន្ថែមទៀតបង្ការទប់​ស្កាត់ការឆ្លងដែនចេញចូលដោយខុសច្បាប់ក៏ដូច​ជាទប់ស្កាត់ការជួញដូរមនុស្សខុសច្បាប់ និង សុំឱ្យមន្ត្រីនគរបាលជំនាញអន្តោប្រវេសន៍ នៃភាគីវៀតណាម សហការជាមួយជំនាញនគរ​បាលអន្តោប្រវេសន៍កម្ពុជា ដើម្បីឈានដល់ការលុបបំបាត់ជនអន្តោប្រវេស​ន៍​ខុសច្បាប់។ 

ភាគីវៀតណាមក៏បានឯកភាពលើរបាយការណ៍ប្រជុំ និងបានព្រមព្រៀងសហការគ្នារួមគ្នាទប់​ស្កាត់​លុបបំបាត់ បទល្មើសឆ្លងដែនគ្រប់ប្រភេទជាពិសេសបទល្មើសគ្រឿងញៀន​បទល្មើសឆ្លង​ដែនខុសច្បាប់ទៅវិញទៅមករវាងភាគីទាំងពីរ។​

មុននឹងបញ្ចប់ ភាគីទាំងពីរបានឯកភាពគ្នាលើកំណត់ហេតុលើកិច្ចព្រមព្រៀងនិងបានចុះហត្ថ​លេខា លើកំណត់ហេតុ នៃកិច្ចប្រជុំបូកសរុប​លទ្ធផលកិច្ចសហប្រតិបត្តិការ​បង្ការទប់ស្កាត់ បង្ក្រាបបទល្មើស និងរក្សាសន្តិសុខ សណ្ដាប់​ធ្នាប់ តំបន់ព្រំដែន ប្រចាំឆ្នាំ២០២៤ និងលើក​ទិស​ដៅ​កិច្ចសហប្រតិបត្តិការ ឆមាសទី១ ឆ្នាំ​២០២៥ ព្រមទាំងបានជូនកាដូរ អនុស្សាវ​រីយ៍រវាងភាគីទាំងពីរក្នុងភាពស្និទិស្នាលជាទីបំផុតរវាងភាគីនៃថ្នាក់ដឹកនាំនៃខេត្តទាំងពីរនៃប្រទេសទាំងពីរ៕