General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី ទទួលជួបពិភាក្សាការងារជាមួយមន្រ្តីជាន់ខ្ពស់ នៃនាយកដ្ឋានទំនាក់ទំនងការបរទេសកាណាដា

Loading

រាជធានីភំ្នពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយ កញ្ញា KATHERINE NORTH មន្រ្តីជាន់ខ្ពស់គ្រប់គ្រងគម្រោង នៃកម្មវិធីកសាងសមត្ថភាពប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម នៃនាយកដ្ឋានទំនាក់ទំនងការបរទេសកាណាដា និងសហការី នៅទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចជំនួបនេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ធូ សារឿន ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងលោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ។
កិច្ចជំនួបរវាង កញ្ញា កញ្ញា KATHERINE NORTH និងសហការី ជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ ក្នុងគោលបំណងពិភាក្សាអំពីកម្មវិធីកសាងសមត្ថភាពប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ដែលក្នុងពេលថ្មីៗនេះ បានអនុវត្តនូវគំនិតផ្តួចផ្តើមជាច្រើន ដើម្បីកំណត់ពីបទល្មើសឆ្លងដែន មានការចាត់តាំង ក្នុងតំបន់ប៉ាស៊ីហ្វិក រួមទាំងការគាំទ្រចំពោះប្រទេសកម្ពុជាផងដែរ។
តាងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី សូមសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់ កញ្ញា KATHERINE NORTH មន្រ្តីជាន់ខ្ពស់គ្រប់គ្រងគម្រោង នៃកម្មវិធីកសាងសមត្ថភាពប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម នៃនាយកដ្ឋានទំនាក់ទំនងការបរទេសកាណាដា និងសហការី ដែលមានបំណងរួមសហការជាមួយនគរបាលជាតិកម្ពុជា ក្នុងការកសាងសមត្ថភាពប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម និងពង្រឹងពង្រីកសមត្ថភាពដល់មន្រ្តីជំនាញអនុវត្តច្បាប់របស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ទម្រង់ ពិសេសបទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស បទល្មើសបច្ចេកវិទ្យា តាមប្រព័ន្ធអានឡាញ បទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្មជាដើម។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានសំណូមពរដល់មន្រ្តីជាន់ខ្ពស់គ្រប់គ្រងគម្រោង នៃកម្មវិធីកសាងសមត្ថភាពប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម នៃនាយកដ្ឋានទំនាក់ទំនងការបរទេសកាណាដា និងសហការី សូមឲ្យមានវគ្គបណ្តុះបណ្តាលជំនាញទាំងអស់នេះ នៅក្នុងរាជធានីភំ្នពេញ ដើម្បីឲ្យមន្រ្តីជំនាញរបស់កម្ពុជា បានសិក្សារៀនសូត្របានច្រើន ព្រោះមាននាយកដ្ឋានពាក់ព័ន្ធ និងមន្រ្តីជំនាញជាច្រើនត្រូវការចំណេះដឹង ពង្រឹងពង្រីកសមត្ថភាពជំនាញបង្ការ បង្រ្កាបបទល្មើសទាំងនេះ៕