ពោធិ៍សាត់ ៖ ដោយអនុវត្តតាមមតិចង្អុលការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ស្ដីពីការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរនោះ ដោយមានការសម្របសម្រួលពីឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជាអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃញី ដឹកនាំដោយលោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃសៅរិ៍៦កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩និង២៣នាទី។
លោកអធិការ មោក ភារម្យ បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សឿន ស៊ឺ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោពិ៍សាត់ ខេត្តពោធិ៍សាត់ ។
ដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៥១កញ្ចប់ ទម្ងន់៤៤,៣៩ក្រាម(ថ្លឹងសាច់ថ្នាំសុទ្ធ) ,ទូរសព្ទដៃចំនួន២គ្រឿង ,ថង់សម្រាប់រំលែកថ្នាំញៀនមួយចំនួន ,ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញៀនចំនួន១ ,ប្រអប់ពណ៌សសម្រាប់ដាក់ថ្នាំញៀនចំនួន១ ,សម្ភារជក់១កំប្លេរ ,ឆាំសម្រាប់ចូកថ្នាំញៀនចំនួន៣ ,ដែកកេះចំនួន៧ ,ក្បាលបាញ់ហ្គាស់ចំនួន១ ,ទុយោមួយចំនួន ,កាបូបស្ពាយពណ៌ទឹកប៊ិចចំនួន១ បានធ្វើតេស្តទឹកនោមវិជ្ជមាន(+) មានផ្ទុកសារធាតុញៀននៅក្នុងទឹកនោម។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕