General Commissariat of National Police
.

ខែវិច្ឆិកា យន្តការច្រកចេញចូលតែមួយ បម្រើពលរដ្ឋបានជាង៦សែនសេវា រកចំណូលបាន៣លានដុល្លារ

Loading

រាជធានីភ្នំពេញ ៖ រយៈពេលពេញមួយខែវិច្ឆិកា កន្លងទៅនេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្ដល់សេវាជូនប្រជាពលរដ្ឋ សរុបជាង ៦សែនសេវា។ ក្នុងចំណោមវិស័យទាំង១៤ ការងាររដ្ឋបាលផ្តល់សេវាច្រើនជាងគេ គឺមានសរុបបជិត ២ម៉ឺនសេវា បន្ទាប់មកវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាង១ម៉ឺនសេវា ខណៈសេវាតិចជាងគេ គឺវិស័យវប្បធម៌ និងវិចិត្រសិល្បៈមានចំនួន៤សេវា។

បើតាមលោកបណ្ឌិត ទូច សុឃៈ សេវាដែលបានផ្ដល់ជូននៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត បានផ្ដល់ចំណូលជូនរដ្ឋសរុបជាង១២ពាន់លានរៀល ស្មើនឹង៣លានដុល្លារ ក្នុងនោះវិស័យទទួលបានចំណូលច្រើនជាងគេគឺ វិស័យរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ចំនួនជាង១០ពាន់លានរៀល  វិស័យសាធារណការនិងដឹកជញ្ជូនជាង១ពាន់លានរៀល ខណៈវិស័យទទួលចំណូលតិចជាងគេគឺវិស័យវប្បធម៌ និងវិចិត្រសិល្បៈមានចំនួន៨សែនរៀល។

ចំណែក ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ លោកបណ្ឌិតអ្នកនាំពាក្យរង បានឱ្យដឹងទៀតថា ក្នុងខែវិច្ឆិកាដូចគ្នា មន្រ្តីបានផ្តល់សេវាជាង៣សែនសេវា ដោយក្នុងចំណោមវិស័យទាំង១៧  ការងារអត្រានុកូលដ្ឋានផ្តល់បានច្រើនជាងគេ គឺមានជិត២សែនសេវា បន្ទាប់មកការងារនីត្យានុកូលកម្មផ្តល់បាន១សែនសេវា ខណៈវិស័យផ្តល់តិចជាងគេ គឺវិស័យកសិកម្មមានត្រឹមតែ១៩សេវា។

សេវានៅច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ បានផ្ដល់ចំណូលជូនរដ្ឋជាង៦៨០លានរៀល គិតជាដុល្លារប្រមាណ១សែន ៧ម៉ឺនដុល្លារ ខណៈចំណូលខ្ពស់ជាងគេគឺ វិស័យសុរិយោដីចំនួន១៦០លានរៀល បន្ទាប់មកវិស័យសំណង់ទទួលបាន១៥២លានរៀល ចំណែកវិស័យរ៉ែនិងថាមពលទទួលបានចំណូលតិចជាងគេគឺត្រឹមតែ ៥លានរៀល   គ្រាដែលវិស័យបពាណិជ្ជកម្ម វិស័យធម្មការនិងសាសនា វិស័យបរិស្ថាន និងការងារអត្រានុកូលដ្ឋានមិនទទួលបានចំណូល។

យន្តការច្រកចេញចូលតែមួយត្រូវបានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានសារទរថាបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់ជាប្រចាំថ្ងៃ។ រាជរដ្ឋាបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងគុណភាពសេវាសាធារណៈ ស្របតាមទស្សនៈ «ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំគោលការណ៍» ខណៈឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមជាសេនាធិការ ក៏បន្តកិច្ចខិតខំប្រឹងប្រែងដាក់ចេញនូវគោលការណ៍នានាធ្វើយ៉ាងឱ្យស្របទៅនឹងគោលនយោបាយ និងភាពចាំបាច់របស់ប្រជាពលរដ្ឋស្របតាមទស្សនៈ« អ្វីៗដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ»៕