General Commissariat of National Police
.

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ក្នុងករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់

Loading

ខេត្តមណ្ឌលគិរី ៖ ដោយមានការចង្អុលបង្ហាញ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នា វេលាម៉ោង២០ និង៣០នាទីយប់ នៅត្រង់ចំណុចការដ្ឋានកិនថ្ម ស្ថិតក្នុងភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយមានការសម្របសម្រួលនីតិវិធីពីលោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី និងមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន ព្រមទាំងលោកវរសេនីយ៍ឯក ចំរើន ភីរុណ ស្នងការរង ដឹកនាំការងារការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោវរសេនីយ៍ឯក ហេង អួង អធិការនគរបាលស្រុកកែវសីមានិងកម្លាំងអធិការដ្ឋានព្រមទាំងកម្លាំប៉ុស្តិ៍រដ្ឋបាលស្រុកស្នួល ខេត្តក្រចេះ លោកមេភូមិរង លោកមេឃុំចក់ចា ស្រុកស្នួល ខេត្តក្រចេះ។

លទ្ធផលក្នុងកិច្ចសហប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបានធ្វើការបង្រ្កាប និងចាប់ឃាត់ខ្លួនជនសង្ស័យសរុបបានចំនួន ០៤នាក់ ភេទប្រុស ៖ ១-ឈ្មោះ ឃឿន ប៊ុនធឿន (ហៅត្រេន), ២-ឈ្មោះ ហ៊ីម វីរ៉ា (ហៅម៉ាប់), ៣-ឈ្មោះ ភឿន ញេន, ៤-ឈ្មោះ សេង ម៉ាប់ (ហៅតាកូរ៉េ) ។ សមត្ថកិច្ចបានធ្វើកាពិនិត្យរកសារធាតុញៀនក្នុងទឹកម៉ូត្រ ជាលទ្ធផលវិជ្ជមានទាំងអស់ (+) ។ 

សម្ភារៈ និងវត្ថុតាង ដែលកម្លាំងសមត្ថកិច្ចចាប់យករួមមាន ៖
-ក្រាមពណ៌ស ថ្លា សង័្សយជាសារធាតុញៀនចំនួន ០៩កញ្ចប់ (១កញ្ចប់ធំល្មម និង០៨កញ្ចប់តូច) ទម្ងន់៨.៨៧ ក្រាមថ្លឹងទាំងសំបក
-ម៉ូតូម៉ាក Honda wave អាល់ហ្វាចំនួន ០១គ្រឿង
-ទូរស័ព្ទដៃចំនួន ០២គ្រឿង
-ម៉ូតូ Yamaha Exenter  ចំនួន ០១គ្រឿង
-អាវុធកែច្នៃ (ប្រើហ្គាស) ចំនួន ០៣ដើម
-ដាវចំនួន ០៣ដើម
-ពូថៅចំនួន ០៣ដើម
-កាំបិតផ្គាក់ចំនួន ០២ដើម
-ឧបករណ៍កែច្នៃសម្រាប់ជក់មួយចំនួន
-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង ។

បច្ចុប្បន្នត្រូវបានកសាងសំណុំរឿងចែកចេញជា២សំណុំរឿង គឺករណីលួច និងទទួលផលចោរកម្ម និងករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងករណីប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ជូនកម្លាំងជំនាញ នៃផែនព្រហ្មទណ្ឌ និងផែនប្រឆាំងគ្រឿងញៀន។ ផែនព្រហ្មទណ្ឌ ជនសង្ស័យចំនួន ១នាក់ និងសម្ភារៈវត្ថុតាង ផែនប្រឆាំងគ្រឿងញៀនជនសង្ស័យចំនួន ៣នាក់ និងសម្ភារៈវត្ថុតាង។ បច្ចុប្បន្នកម្លាំងជំនាញនៃផែនទាំង០២ និងកម្លាំងជំនាញ នៃអធិការស្រុកកែវសីមា និងកម្លាំងប៉ុស្តិ៍ស្រែខ្ទុម កំពុងកសាងសំណុំរឿងទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕