General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន និងឯកឧត្តម គួច ចំរើន អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាត បូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្ដកណ្តាល

Loading

ខេត្ដកណ្តាល ៖ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្តកណ្តាល មានរៀបចំពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត។

ក្នុងពិធីបិទសន្និបាតនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកអនុប្រធានសេនាធិការដ្ឋាន លោកអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត តំណាងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត តំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងតំណាងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកមេបញ្ជាការវរៈព្រំដែនគោកលេខ៦០៥, តំណាងលោកប្រធានពន្ធនាគារខេត្តកណ្តាល តំណាងលោកប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូន, តំណាងលោកប្រធានមន្ទីរអប់រំយុវជននិងកីឡា, តំណាងលោកប្រធានមន្ទីរសុខាភិបាល, លោកស្នងការរង, លោកនាយការិយាល័យជំនាញ, លោកអធិការនគរបាលស្រុក/ក្រុង, លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល សរុបចំនួន២១៦រូប។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការប្ដេជ្ញាចិត្តខិតខំពង្រឹង ពង្រីកសមត្ថភាពដល់មន្ត្រីនគរបាលក្រោមឱវាទទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ ក្នុងការបង្ក្រាប ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសក្មេងទំនើង បទល្មើសគ្រឿងញៀន និងអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដែលថ្នាក់ដឹកនាំប្រគល់ជូនឱ្យបានល្អប្រសើរ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានឡើងមានចំណាប់អារម្មណ៍ និងឯកភាពលើរបាយការណ៍ និងទិសដៅរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងសូមឲ្យអង្គសន្និបាតបន្តយកជាទិសដៅក្នុងការដាក់ចេញហើយបន្តការអនុវត្តជានិច្ចឲ្យជោគជ័យលើផ្នែកសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ឲ្យទទួលបានជោគជ័យសម្រាប់ឆ្នាំ២០២៥។

ពីវេទិការអធិបតី តាងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានឯកភាពលើរបាយការណ៍ និងសូមកោតសរសើរដល់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរនាពេលកន្លងមក។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក៏បានពិនិត្យវាយតម្លៃចំពោះលទ្ធផលកិច្ចប្រតិបត្តិការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងផ្តល់អនុសាសន៍ណែនាំបន្ថែមទៀត ក្នុងកិច្ចការងារពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ បទល្មើសបច្ចេកវិទ្យា សកម្មភាពក្មេងទំនើង បទល្មើសល្បែងស៊ីសង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងកិច្ចការងារសំខាន់ៗជាច្រើនទៀត។

ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ ស្នើឲ្យលោកស្នងការខេត្ត លោកស្នងការរង លោកអធិការ យកចិត្តទុកដាក់ទៅលើមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារ ព្រោះមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារ ជាអ្នកនៅក្បែរជាមួយប្រជាពលរដ្ឋ ដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ។ ឯកឧត្តមបន្តថា ការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដូចជាការផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព ប្រសិទ្ធភាព នឹងទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ ៕