ព្រះសីហនុ ៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានរៀបចំពិធីបើកសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។
ពិធីបើកសន្និបាតនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ស្នងការរង នាយ-នាយរងការិយាល័យ អធិការ-អធិការរងនគរបាលក្រុង-ស្រុកទាំង៥ និងនាយ-នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង២៩ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
ជាកិច្ចចាប់ផ្ដើមបើកសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស រដ្ឋា បានឡើងមានមាតិស្វាគមន៍ ចំពោះអង្គសន្និបាត និងបើកសន្និបាត។
កិច្ចបន្ត លោកឧត្ដមសេនីយ៍ត្រី ស្នងការរង ផែនការងារសេនាធិការ បានឡើងអានរបាយការណ៍នូវបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ បន្ទាប់ពីការអានរបាយការណ៍ ក៏មានការធ្វើបទអន្តរាគមន៍ ដោយ លោកស្នងការរង ផែនការងារសន្តិសុខ ផែនការងារនគរបាលព្រហ្មទណ្ឌ ផែនការងារអន្តោប្រវេសន៍ ផែនការងារនគរបាលសណ្ដាប់ធ្នាប់ និងផែនការងារប្រឆាំងគ្រឿងញៀន ព្រមទាំងមានការចូលរួមមតិយោបល់ពីសមាជិក សមាជិកា នៃអង្គសន្និបាត តាមរយៈការលើកឡើងអំពីចំណុចខ្លាំង និងចំណុចខ្សោយ ដែលស្ដែងចេញពីការអនុវត្តការងារជាក់ស្ដែងកន្លងមក ដើម្បីដាក់បញ្ហាប្រឈមទាំងនោះ ជូនអង្គសន្និបាត ដើម្បីរួមគ្នាពិភាក្សា រិះរកវិធានការ វិធីសាស្ត្រ និងកំណត់ទិសដៅសកម្មភាពការងារទាំងនោះ សម្រាប់យកទៅអនុវត្តបន្តក្នុងឆ្នាំ២០២៥ ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ។
ជាកិច្ចបញ្ចប់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស រដ្ឋា បានមានមតិកោតសរសើរដល់មន្ត្រីនគរបាលជាតិទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់សាធារណៈ ក្នុងនោះដែរ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ក៏បានជំរុញមន្ត្រីនគរបាលខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន បន្ថែមទៀត ជាពិសេសប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវបម្រើ និងផ្ដល់សេវាជូនប្រជាពលរដ្ឋ៕