(ភ្នំពេញ) ៖ អគ្គិភ័យបានឆាបឆេះឃ្លាំងលក់គ្រឿងសម្ភារៈសម្រាប់សែន មួយកន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣និង២៥នាទីរសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលស្ថិតចំណុចឃ្លាំងលក់គ្រឿងសម្ភារៈសម្រាប់សែន យីហោ លី ប៉េងស្រ៊ុន ផ្លូវ៣៦៣ កែងផ្លូវ៦៣៨ ក្រុម១៣ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបន្តថា ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។
ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៦៣គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៦គ្រឿង ប្រើប្រាស់ទឹកអស់៤៨ឡាន ស្មើនឹង១៩២ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើនឹង០៤ម៉ែត្រគូប, រថយន្តទីក្រុងកោះពេជ្រ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០៦ឡាន ស្មើនឹង៣២ម៉ែត្រគូប, រថយន្តទីក្រុងនរា ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើនឹង១២ម៉ែត្រគូប, រថយន្តរបស់សាលាខណ្ឌច្បារអំពៅ ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើនឹង០៤ម៉ែត្រគូប និងរថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើនឹង០៦ម៉ែត្រគូប។
ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺដែកប្រក់ស័ង្កសី ទំហំ (២០ម៉ែត្រ x ២០ម៉ែត្រ) ឆេះឃ្លាំងដែកប្រក់ស័ង្កសីចំនួន០១ឃ្លាំង, ម៉ូតូចំនួន០១គ្រឿង រួមទាំងគ្រឿងសម្ភារៈសែនអស់ទាំងស្រុង ហើយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើង ធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃខែឆ្នាំដដែល។
ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលឲ្យមកពីការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ បានបណ្តាលឲ្យមនុស្សម្នាក់រងរបួសស្រាល គឺជាក្រុមជំនួយស្ម័គ្រចិត្ត។
ជាចុងក្រោយ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដោយសារតែខែនេះ ជារដូវធ្លាក់ខ្យល់ ដូច្នេះ ចំពោះករណីអគ្គិភ័យអាចងាយរងគ្រោះបំផុត។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា មុនពេលចាកចេញពីលំនៅដ្ឋាន ត្រូវពិនិត្យមើលឲ្យបានច្បាស់លាស់នូវឆ្លងចរន្តអគ្គិសនី, ភ្លើងធូប, ភ្លើងទាន ជាពិសេសនោះ គឺត្រូវបិតប៉ារែតភ្លើងឲ្យបានត្រឹមត្រូវមុនចាកចេញផងដែរ៕