ខេត្តតាកែវ៖ នាព្រឹកថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត”បានដឹកនាំកិច្ចប្រជុំពង្រឹងវិន័យកងកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ”។ ដោយមានការអញ្ជើញចូលរួមពីៈ លោកឧត្តមសេនីយ៍ ស្នងការរងផែនការងារព្រហ្មទណ្ឌ លោក ស្នងការរង ផែនការងារធនធានមនុស្ស លោកស្នងការរងទទួលជំនួយការដឹកនាំការងារការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ លោកស្នងការរងទទួលជំនួយការដឹកនាំការងារការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោកនាយ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ លោកនាយ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោកនាយ នាយរងការិយាល័យបុគ្គលិក លោកនាយផ្នែក នាយរងផ្នែក និងមន្ត្រីការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់-កម្រិតស្រាល។
ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ថា: កងកម្លាំងនគរបាលយុត្តិធម៌ត្រូវតែបន្តស្រាវជ្រាវស្វែងរកមុខសញ្ញាចាស់ ថ្មីដែលនៅសេសសល់យកមកផ្តន្ទាទោសតាមច្បាប់ ត្រូវក្តាប់មុខសញ្ញាឲ្យបានទាំងមានដីការ អត់ដីការ និងមុខសញ្ញាទើបចេញពីពន្ធនាគារទៅរស់នៅក្នុងមូលដ្ឋានដើមវិញ បន្តការផ្សព្វផ្សាយតាមវេទិការសាធារណៈអំពីផលប៉ះពាល់ នៃគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង ចោរលួច ឆក់ប្លន់គ្រប់ប្រភេទ។ ពង្រឹងវិន័យកងកម្លាំងនគរបាលជាតិកម្ពុជាថ្មីលេខៈ៨៧៣ប្រ.ក របស់ក្រសួងមហាផ្ទៃ រក្សាសាមគ្គីភាពផ្ទៃក្នុង ពង្រឹងការងារគ្រប់គ្រងលើបញ្ជីវត្តមានដើម្បីធានាប្រសិទ្ធភាពការងារជំនាញប្រចាំថ្ងៃ បន្តផ្តល់សេវាសាធារណៈជាប្រចាំជូនបងប្អូនប្រជាពលរដ្ឋតាមតម្រូវការឲ្យបានទាន់ពេលវេលាផងដែរ៕