General Commissariat of National Police
.

នគរបាលស្រុកសំពៅលូន ឃាត់ខ្លួនមេខ្យល់ម្នាក់ ដែលនាំពលរដ្ឋលួចឆ្លងដែនខុសច្បាប់ចូលទៅក្នុងទឹកដីថៃ 

Loading

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០៧ និង៣០នាទី នៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ស្ថិតនៅក្រុមទី០៤ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងជំនាញនគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ដឹកនាំដោយលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានចុះបង្រ្កាបទប់ស្កាត់ករណី ការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន (បម្រុងចូលទៅក្នុងប្រទេសថៃ) ០១លើក ប្រព្រឹត្តឡើងដោយជនសង្ស័យម្នាក់ ឈ្មោះ ទឹម សុខរ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅស្នាក់បណ្តោះអាសន្នភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុក សំពៅលូន ខេត្តបាត់ដំបង (ឃាត់ខ្លួនបាន) ។

មន្ត្រីនគរបាលបានខេត្តបាត់ដំបង បានឲ្យដឹងថា ៖ ជនសង្ស័យបានធ្វើសកម្មភាពទាក់ទងនាំពលករចំនួន ០២នាក់ ១-ឈ្មោះ ឈាន ឈឿយ ភេទប្រុស អាយុ៤៤ឆ្នាំ, ២-ឈ្មោះ ឈាន ឈិង ភេទប្រុស អាយុ៣៤ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិទ្រាស ឃុំគោកកថិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាំឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅក្នុងប្រទេសថៃ តាមច្រករបៀង ជាប់ភូមិសាស្រ្ត ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៥និង៣០នាទី ដោយយកប្រាក់ថ្លៃជូនក្នុងម្នាក់ ២៥០បាត (ពីររយហាសិបបាត) សរុប ០២នាក់ មានចំនួន ៥០០បាត (ប្រាំរយបាត) ។

ប្រភពដដែលបានបន្តថា ៖ ក្នុងកិច្ចប្រតិបត្តិការ កម្លាំងសមត្ថកិច្ច បានទទួលជនសង្ស័យជាមេខ្យល់ចំនួន ០១នាក់ និងពលករចំនួន ០២នាក់ ពីកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) មកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ។

បច្ចុប្បន្ន ពលករទាំង០២នាក់ កម្លាំងសមត្ថកិច្ចបានសាកសួរកត់ឈ្មោះ ចុះកំណត់ហេតុប្រចាំថ្ងៃ និងធ្វើកិច្ចសន្យាពន្យល់ណែនាំបងប្អូន រួចកម្លាំងនគរបាលបានអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ។ ចំពោះជនសង្ស័យជាមេខ្យល់ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕