General Commissariat of National Police
.

អគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងអំណរគុណក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងភ្នាក់ងារដែលបានចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជាមួយកម្លាំងសមត្ថកិច្ច ក្នុងព្រះរាជពិធីបុណ្យអុំទូក ទទួលបានជោគជ័យ

Loading

រាជធានីភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អគ្គនាយក អគ្គនាយិកា ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ដែលបានយកចិត្តទុកដាក់ចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ទទួលបានជោគជ័យទាំងស្រុង។

ការថ្លែងអំណរគុណបែបនេះ ធ្វើឡើងតាមរយៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន លើកទី៦៧ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានថ្លែងយ៉ាងដូច្នេះថា «តាងនាមរូបខ្ញុំផ្ទាល់ និងថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់អគ្គនាយក/អគ្គនាយិកា ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងភ្នាក់ងារសន្តិសុខឯកជន ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នាឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ទទួលបានលទ្ធផលជោគជ័យ»

ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានគូសបញ្ជាក់ថា វិស័យសន្តិសុខឯកជននេះ បានដើរតួនាទីជាកម្លាំងជំនួយដល់កម្លាំងសមត្ថកិច្ច ក្នុងការចូលរួមចំណែក ក្នុងការថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម និង ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានា និងចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រកបដោយប្រសិទ្ធភាព។

ក្នុងន័យនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្នើកម្លាំងភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសបង្ការទប់សង្កាត់បទល្មើស និងរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ឬសមត្ថកិច្ចជំនាញ ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើស ឲ្យទាន់ពេលវេលា ជាពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសព្រហ្មទណ្ឌនានា។ លើសពីនេះ តម្រូវឲ្យមានកិច្ចសហការល្អ ជាមួយសមត្ថកិច្ចមូលដ្ឋាន ត្រូវរាយការណ៍អំពីបទល្មើស និងសម្រួលដល់សមត្ថកិច្ច ក្នុងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសតាមគោលដៅនីមួយៗ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា ដើម្បីធ្វើឲ្យវិស័យសន្តិសុខឯកជន មានការរីកចម្រើន និងពង្រឹងនូវគុណភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តែងតែមានការយកចិត្តទុកដាក់ខ្ពស់ និងគាំទ្រជានិច្ចធ្វើយ៉ាងណាឲ្យវិស័យសន្តិសុខឯកជន ឲ្យមានការរីកច្រើនប្រកបដោយនិរន្តភាព និងគុណភាពខ្ពស់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បន្ថែមទៀតថា នេះជាលើកទី៦៧ ដែលនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន រៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ដល់ភ្នាក់ងារសន្តិសុខឯកជនបម្រើសេវាកម្ម និងមិនបម្រើសេវាកម្ម។ នៅក្នុងវគ្គបំប៉នជំនាញនេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងលើប្រធានបទសំខាន់ៗ ដែលកំពុងតែជួបប្រទះ និងប្រឈមជាប្រចាំថ្ងៃក្នុងការអនុវត្តការងារដូចជា៖ តួនាទី និងការទទួលខុសត្រូវរបស់ភ្នាក់ងារសន្តិសុខឯកជន, កិច្ចសហការជាមួយសមត្ថកិច្ចមូលដ្ឋាន និងវិធីសាស្រ្តការពារគោលដៅ, ច្បាប់ចរាចរណ៍ផ្លូវគោក, ការស្វែងយល់អំពីបទល្មើស និងនីតិវិធីព្រហ្មទណ្ឌ សម្រាប់ភ្នាក់ងារសន្តិសុខឯកជន, វិធានការបង្ការពន្លត់អគ្គីភ័យ និងការជម្លៀសខ្លួនចេញពីអគ្គីភ័យ និងការសង្គ្រោះបឋម និងកិច្ចសហការការពារកន្លែងកើតហេតុ ជាដើម៕