ខេត្តបន្ទាយមានជ័យ ៖ អនុវត្តតាមការណែនាំ និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកវរសនីយ៍ឯក គី មករា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ សហការជាមួយមន្ត្រីមកពីមន្ទីរសាធារណការ សាខាកាកបាទក្រហមខេត្ត ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋ និងអ្នកដំណើរ នៅចំណុចភ្លើងស្តុបសាលាខេត្ត ក្នុងក្រុងសិរីសោភ័ណ។
គោលបំណងនៃការយុទ្ធនាការនេះគឺ ដើម្បីអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋ អ្នកដំណើរ អ្នកបើកបរ រថយន្ត ម៉ូតូ រ៉ឺម៉កតាមដងផ្លូវ បង្កើនការយល់ដឹងស្តីច្បាប់ចរាចរណ៍, ផ្លាកសញ្ញា, គំនូសសញ្ញា, បង្គោលសញ្ញា, ភ្លើងសញ្ញា និងការប្រើប្រាស់ផ្លូវថ្នល់ ដើម្បីរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត។
លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានថ្លែងថា ទន្ទឹមគ្នានេះសមត្ថកិច្ចយើង ក៏មានការចែកជូនប្រជាពលរដ្ឋ និងអ្នកដំណើរ នូវឯកសារសុវត្ថិភាពចរាចរណ៍ និងមានការសួរសំណួរស្ដីពីច្បាប់ចរាចរណ៍ ដើម្បីឆ្លើយយករង្វាន់មួកសុវត្ថិភាព ដែលមានអ្នកចូលរួមសរុប ២០០នាក់ ស្រី ១០០នាក់ផងដែរ៕