Nov 19 (Reuters) – នៅថ្ងៃអង្គារ ក្រសួងការបរទេសនៃប្រទេសទាំង០២បាននិយាយថា រដ្ឋមន្ត្រីការបរទេសចិន និងរុស្ស៊ីបានពិភាក្សាគ្នាអំពីទំនាក់ទំនងទ្វេភាគី ជម្លោះអ៊ុយក្រែន និងស្ថានភាពឧបទ្វីបកូរ៉េ នៅខាងក្រៅកិច្ចប្រជុំ G20 នៅប្រទេសប្រេស៊ីល។
រដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergei Lavrov បានប្រាប់រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង អ៊ីថា “ប្រទេសទាំង០២ពិតជាស្ថិតក្នុងដំណាក់កាលដែលមិនធ្លាប់មានពីមុនមក ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងយុទ្ធសាស្ត្រភាពជាដៃគូទូលំទូលាយ” នេះបើយោងតាមការផ្សាយតាមបណ្តាញទំនាក់ទំនងតេឡេក្រាមរបស់ក្រសួងការបរទេសរុស្ស៊ី។
នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសចិនបានឱ្យដឹងថា លោកវ៉ាងបាននិយាយថា ទីក្រុងប៉េកាំងមានឆន្ទៈ ធ្វើការជាមួយប្រទេសរុស្ស៊ីដើម្បីពង្រឹងបន្ថែមទៀតនូវ “ការសម្របសម្រួលជាយុទ្ធសាស្ត្រដ៏ទូលំទូលាយ” ទ្វេភាគី។
ភាគីទាំង០២ក៏បានផ្លាស់ប្តូរទស្សនៈស្តីពីវិបត្តិអ៊ុយក្រែន និងស្ថានភាពនៅឧបទ្វីបកូរ៉េផងដែរ ប៉ុន្តែមិនផ្តល់នូវព័ត៌មានលម្អិតបន្ថែមឡើយ។
កិច្ចប្រជុំនោះគឺជាផ្នែកមួយនៃកិច្ចពិភាក្សាទ្វេភាគីរវាងចិន និងរុស្ស៊ី ដែលបានធ្វើឡើងបន្ទាប់ពីការលុកលុយដោយពេញទំហឹងរបស់ទីក្រុងម៉ូស្គូទៅលើអ៊ុយក្រែនកាលពី ១.០០០ថ្ងៃមុន។ សង្រ្គាមធ្វើឱ្យទីក្រុងមូស្គូផ្អាកទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តប្រទេសលោកខាងលិចរបស់ទីក្រុងគៀវ និងបណ្តាលឱ្យមានការដាក់ទណ្ឌកម្មលើអ្នកនយោបាយ និងធុរកិច្ចរុស្ស៊ី។