បាត់ដំបង៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៥និង៣០នាទី នៅចំណុចក្រុមទី០៨ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រុន, អូរតាគី និងគោកឃ្មុំ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះប្រតិបត្តិការ បង្ក្រាបបានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ ១-ឈ្មោះ ម៉ោង វុធ ហៅតោ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្រុមទី០៨ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង និង២-ឈ្មោះ ជុន សុខា ហៅកា ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅក្រុមទី០៨ ភូមិពពាលខែ ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ។
-ទូរស័ព្ទដៃចំនួន ០១គ្រឿង ។
-សម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួន។
ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និងដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃខែឆ្នាំដដែល កំលាំងសមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការ រហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ អ៊ុន រើន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅក្រុមទី១៤ ភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ សមត្ថកិច្ចបានឆែកឆេរលំនៅដ្ឋាន បានរកឃើញនិងបានដកហូតវត្ថុតាងរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ។
-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១
-ទូរស័ព្ទដៃចំនួន០១
-ដបសម្រាប់កែច្នៃជក់គ្រឿងញៀន០១
-ថង់សម្រាប់ច្រកគ្រឿងមួយចំនួន
-ដែកកេះចំនួន០២ ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕